Skip to content

នាយករដ្ឋមន្ត្រី​អង់គ្លេស ចនសុន គប់​​គ្រាប់​បែក សាកល្បង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន

នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​ជិត​ចាក​ចេញពី​តំណែង លោក បូរី​ស ច​ន​សុន បាន​ចូលរួម​ពិធី​ហ្វឹកហ្វឺន​សម្រាប់​ក្រុម​ទាហាន​របស់ អ៊ុយ​ក្រែ​ន នៅក្នុង​ស្រុក Yorkshire ខាងជើង កាលពីដើម​សប្ដាហ៍​នេះ។

យោងតាម​ទូរទស្សន៍ RT លោកនាយ​រដ្ឋមន្ត្រី ច​ន​សុន បាន​បង្ហោះ​វីដេអូ​ថត​សកម្មភាព​របស់លោក​ដែល​ស្លៀកពាក់​ឈុត​ទាហាន កំពុង​សាកល្បង​អាវុធ​ច្រើន​ប្រភេទ ក្នុងនោះ​មាន​ទាំង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​កាំភ្លើងយន្ត​បាញ់​ផ្លោង​គ្រាប់បែក​ជាដើម។

ក្នុង​វីដេអូ​នោះ មេដឹកនាំ​អង់គ្លេស ក៏បាន​សាកល្បង​គប់​គ្រាប់បែក​មួយគ្រា​ប់។ លោក ច​ន​សុន បាន​សរសើរ​ចំពោះ​ស្មារតី​អង់អាច​ក្លាហាន​របស់ ទាហាន​អ៊ុយ​ក្រែ​ន និង​ស្រែក​ហ៊ោ​ជយឃោស​ជា​ភាសា​អ៊ុយ​ក្រែ​ន ផងដែរ។

«សប្ដាហ៍​នេះ ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុ​ក្ឋ​ទាហាន​របស់ អ៊ុយ​ក្រែ​ន ដែល​កំពុង​ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​របស់ អង់គ្លេស បណ្ដុះបណ្ដាល​នៅ Yorkshire ខាងជើង» នាយករដ្ឋមន្ត្រី ច​ន​សុន និយាយ​ដូច្នេះ និង​បន្ថែមថា លោក​បាន​ជួប​ទាហាន​របស់ អ៊ុយ​ក្រែ​ន ប្រហែល ៤០០ នាក់។ មុន​នោះ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទីក្រុង​កៀវ កាលពី​ខែ​កន្លង លោក ច​ន​សុន បានប្រកាស​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​ទាហាន ១០,០០០ នាក់​របស់ អ៊​យ​ក្រែ​ន នៅ​ប៉ុន្មាន​ខែ​ខាងមុខ។

នាយករដ្ឋមន្ត្រី​អង់គ្លេស ឱ្យដឹងថា ខ្ទង់​ជំនួយ​យោធា​របស់ អង់គ្លេស សម្រាប់ អ៊ុយ​ក្រែ​ន បច្ចុប្បន្ន​បាន​ឡើងដល់ ២.៣ ពាន់​លាន​ផោន រួម​នឹង​អាវុធ​ប្រឆាំង​រថក្រោះ ៦,៩០០ ដើម និង​រថពាសដែក ១២០ គ្រឿង​ផងដែរ។

ទីក្រុង​មូ​ស្គូ បាន​ព្រមាន​ចំពោះ​ក្រុម​ប្រទេស​លោកខាងលិច​ថា មិនគួរ​បញ្ជូន​អាវុធ​មកឱ្យ អ៊ុយ​ក្រែ​ន ឡើយ ដោយបាន​អះអាងថា ទង្វើ​នេះ​នឹង​គ្រាន់តែ​ធ្វើឱ្យ​សង្គ្រាម​អូសបន្លាយ​ពេល​យូរ​ប៉ុណ្ណោះ៕

https://twitter.com/BorisJohnson/status/1550774036136878082?s=20&t=Z6Xlo03Vg15maHsyHVmXZg

Leave a Reply

Your email address will not be published. Required fields are marked *