ទីក្រុង Phoenix ទប់ទល់នឹងកម្ដៅថ្ងៃដោយវិធីក្រាលកាវពិសេសមួយប្រភេទលើដងផ្លូវកៅស៊ូ ដើម្បីជួយបង្កើនប្រសិទ្ធភាពចំណាំងផ្លាតពន្លឺព្រះអាទិត្យរបស់ដងផ្លូវ។
«ពលរដ្ឋនៅ Phoenix និយាយថា ពួកគេទទួលបានភាពខុសប្លែក» Kate Gallego អភិបាលក្រុងនៅលើសមុទ្រខ្សាច់ភាគខាងលិច នៃ សហរដ្ឋអាម៉េរិក ឱ្យដឹងដូច្នេះ និងបន្ថែម ផ្ទៃរបស់ដងផ្លូវនេះ បន្ទាប់ពីត្រូវបានក្រាលកាវពិសេស នឹងត្រជាក់ជាងពី ១០ ទៅ ១២ អង្សាសេ ធៀបនឹងផ្ទៃផ្លូវដែលក្រាលកៅស៊ូ។
ផ្លូវប្រវែងប្រហែល ១១៨ គីឡូម៉ែត្រ នៅទីក្រុង Phoenix ក្នុងរដ្ឋ Arizona ត្រូវបានក្រាលកាវពិសេស ក្នុងគម្រោងសាកល្បងបន្សាបកម្ដៅផ្ទៃផ្លូវ តម្លៃ ៣.៣ លានដុល្លារ របស់ទីក្រុងនេះ។
បម្រែបម្រួលអាកាសធាតុ កំពុងតែធ្វើឱ្យសីតុណ្ហភាពនៅក្នុងទីក្រុងដែលក្ដៅជាងគេនៅ សហរដ្ឋអាម៉េរិក កាន់តែឡើងកម្ដៅខ្ពស់។ កាលពីឆ្នាំ ២០២០ ទីក្រុង Phoenix បានឆ្លងកាត់កម្ដៅជាង ៤៣ អង្សាសេ ក្នុងរយៈពេល ៥៣ ថ្ងៃ បណ្ដាលឱ្យមនុស្សជិត ២០០ នាក់បានបាត់ជីវិត ដោយសារតែរលកកម្ដៅ។
ទីក្រុង Phoenix , Los Angeles និង Miami បានបង្កើតគណកម្មការដើម្បីស្វែងរកវិធីទប់ស្កាត់ផលប៉ះពាល់ពីកម្ដៅថ្ងៃ ក្នុងគ្រាដែលបណ្ដាទីក្រុងនៅ សហរដ្ឋអាម៉េរិក ក៏ដូចជាបណ្ដាទីក្រុងនៅពាសពេញពិភពលោក កំពុងប្រឈមនឹងការឡើងកម្ដៅទ្វេដងធៀបនឹងមធ្យមភាគ ព្រោះតែការស្រូប និងរក្សាកម្ដៅរបស់អគារ និងផ្ទៃផ្លូវក្នុងទីក្រុង៕