រូបភាពដែលបានមកពីទិន្នន័យនៃការសង្កេតថ្មីរបស់តេឡេស្កុបអវកាស James Webb បង្ហាញថា កាឡាក់ស៊ី Messier 74 មានរូបរាងដូចទៅនឹងកំណួចទឹកដ៏មហាប្រល័យ។
តេឡេស្កុបអវកាស James Webb ថតបានកាឡាក់ស៊ី Messier 74 ឬហៅថា NGC 628 ឬក៏កាឡាក់ស៊ីខ្មោច កាលពីថ្ងៃទី ១៧ កក្កដា និងបានផ្ញើមកកាន់ផែនដី។ យោងទៅលើទិន្នន័យដំបូងដែល ណាសា បានប្រកាស សាស្ត្រាចារ្យផ្នែកតារាសាស្ត្រ Gabriel Brammer មកពីសាកលវិទ្យាល័យ Copenhagen របស់ ដាណឺម៉ាក បានបង្កើតជារូបភាពចម្រាញ់ពណ៌មួយដែលប្រកបដោយភាពទាក់ទាញខ្លាំង ទាក់ទងនឹងរចនាសម្ព័ន្ធរាងគូទខ្យងរបស់ NGC 628។
រូបភាពបង្ហាញថា Messier 74 មានរូបរាងដូចទៅនឹងកំណួចទឹកដ៏មហាប្រល័យ ដោយមានសរសៃរាងគូទខ្យងពណ៌ស្វាយដ៏ចម្លែក។ ក៏ប៉ន្តែ នេះមិនមែនជាអ្វីដែលយើងអាចមើលឃើញជាក់ស្ដែងដោយភ្នែក។ ពណ៌ស្វាយបានមកពីរលកដែលបាញ់ចេញពីវិទ្យុសកម្មក្នុងកាឡាក់ស៊ី ហើយមនុស្សមិនអាចមើលឃើញដោយផ្ទាល់។
ស្ថិតក្នុងរយៈចម្ងាយពីផែនដីប្រហែល ៣២ លានឆ្នាំពន្លឺ និងនៅក្នុងកញ្ចុំផ្កាយ Pisces កាឡាក់ស៊ី Messier 74 មានដៃរាងគូទខ្យងលាតសន្ធឹងប្រហាក់ប្រហែលគ្នា។ កាឡាក់ស៊ីនេះ មានអង្កត់ផ្ចិតប្រវែងឡើងដល់ ៩៥,០០០ ឆ្នាំពន្លឺ និងមានផ្កាយប្រហែល ១០០ ពាន់លានដួង៕