ទេសាភិបាលធនាគារជាតិរុស្ស៊ី ប្រកាសថា ទីក្រុងមូស្គូ នឹងមិនផ្គត់ផ្គង់ប្រេងដល់បណ្ដាប្រទេសដែលកំណត់តម្លៃពិតានចំពោះប្រេង ក្នុងគ្រាដែលលោកខាងលិចកំពុងរកវិធីលុបបំបាត់ចំណូលពីថាមពលរបស់ រុស្ស៊ី។
ទេសាភិបាលធនាគារជាតិរុស្ស៊ី Elvira Nabiullina បានប្រកាសដូចខាងលើនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២២ កក្កដា ដើម្បីឆ្លើយតបនឹងផែនការកំណត់តម្លៃពិតានចំពោះប្រេងដែលនាំចូលពី ប្រទេសរុស្ស៊ី។
លោកស្រី Nabiullina ព្រមានថា សំណើរបស់ក្រុមប្រទេសអភិវឌ្ឍលំដាប់កំពូលពិភពលោក (G7) ក្នុងបំណងលុបបំបាត់ប្រភពចំណូលពីថាមពលរបស់ រុស្ស៊ី ទាក់ទិននឹងសង្គ្រាមនៅ អ៊ុយក្រែន នឹងរុញច្រានតម្លៃប្រេងពិភពលោកឱ្យឡើងថ្លៃខ្ពស់។
ទេសាភិបាលធនាគារជាតិរុស្ស៊ី ថ្លែងថា «យើងនឹងមិនផ្គត់ផ្គង់ប្រេងដល់បណ្ដាប្រទេសដែលនឹងកំណត់តម្លៃពិតាន។ ប្រេង និងផលិតផលធ្វើពីប្រេងរបស់យើង នឹងផ្គត់ផ្គង់ដល់ប្រទេសទាំងឡាយដែលព្រមសហការជាមួយយើងតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ី គឺជាអ្នកផលិតប្រេងធំជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពី ប្រទេសអារ៉ាប៊ីសាអូឌីត។
ការអះអាងរបស់ទេសាភិបាលធនាគារជាតិរុស្ស៊ី ត្រូវបានលើកឡើងនៅក្នុងគ្រាដែល សហរដ្ឋអាម៉េរិក និងប្រទេសជាច្រើនទៀត ពិសេសគឺបណ្ដាប្រទេសនៅ អឺរ៉ុប កំពុងពិចារណាអំពីការកំណត់តម្លៃពិតានចំពោះប្រេងដែលនាំចូលពី ប្រទេសរុស្ស៊ី ដើម្បីប្រឆាំងនឹងយុទ្ធនាការយោធាពិសេសរបស់ ទីក្រុងមូស្គូ នៅ អ៊ុយក្រែន៕