មេដឹកនាំរដ្ឋ Punjab ត្រូវបានគេជឿថា បានចូលព្យាបាលនៅមន្ទីរពេទ្យដោយសារតែឈឺពោះខ្លាំង បន្ទាប់ពីបានពិសាទឹកទន្លេពិសិដ្ឋ Kali Bein។
កាលពីចុងសប្ដាហ៍កន្លង អភិបាលរដ្ឋ Punjab លោក Bhagwant Mann រួមនឹងក្រុមមន្ត្រីអមដំណើរ បានចូលរួមពិធីរម្លឹកអនុស្សាវរីយ៍ ២២ ឆ្នាំ នៃការចាប់ផ្ដើមយុទ្ធនាការសម្អាតទន្លេ Kail Bein ដែលត្រូវបានក្រុមអ្នកកាន់សាសនាស៊ីក ចាត់ទុកជាទន្លេពិសិដ្ឋ។
តំណាងរាស្ត្រ និងជាអ្នកការពារបរិស្ថានដ៏ល្បីឈ្មោះនៅ ឥណ្ឌា លោក Baba Balbir Singh Seechewal បានអញ្ជើញអភិបាលរដ្ឋ Punjab ពិសាទឹកទន្លេដែលហូរកាត់ទីក្រុង Sultanpur Lodhi រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា។ លោកអភិបាលរដ្ឋក៏បានពិសាទឹកពិសិដ្ឋនេះអស់ ១ កែវ ហើយមនុស្សម្នានៅជុំវិញក៏ស្រែកសាទរ។
India Express កាលពីម្សិលមិញ ដកស្រង់ប្រភពព័ត៌មានច្បាស់ការណ៍មួយឱ្យដឹងថា នៅព្រលប់ថ្ងៃទី ១៩ កក្កដា ២ ថ្ងៃក្រោយការពិសាទឹកទន្លេ Kali Bein អភិបាលរដ្ឋខាងលើក៏មានអាការឈឺពោះយ៉ាងខ្លាំងក្លា។ លោកក៏ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រពីភូមិគ្រឹះរបស់លោកនៅ Chandigarh ទៅកាន់មន្ទីរពេទ្យនៅ ទីក្រុងដេលី។
ប្រភពព័ត៌មាននានាបានឱ្យដឹងថា អភិបាលរដ្ឋ Punjab លោក Mann ត្រូវចូលពេទ្យគឺដោយសារតែការពិសាទឹកទន្លេ Kali Bein។ NDTV ផ្សាយថា ទន្លេ Kali Bein តែងតែកខ្វក់ ព្រោះតែទឹកដែលបង្ហូរចេញពីទីរួមស្រុក និងទីប្រជុំជននានានៅក្បែរនោះ។
ក្រុមមេដឹកនាំបក្ស Aam Aadmi (AAP) បញ្ជាក់អំពីព័ត៌មានដែលថាលោក Mann ចូលពេទ្យ ប៉ុន្តែនិយាយថា អភិបាលរដ្ឋរូបនេះទៅពិនិត្យសុខភាពតាមការណាត់ និងបានចេញពីពេទ្យវិញហើយ៕