លោកស្រី Draupadi Murmu អាយុ ៦៤ ឆ្នាំ ក្លាយជាប្រធានាធិបតីជាស្ត្រីភេទដំបូងរបស់ ឥណ្ឌា ដែលមានដើមកំណើតពីសហគមន៍ជនជាតិដើមភាគតិច។
នៅថ្ងៃទី ២២ កក្កដានេះ លោកស្រី Murmu ទទួលបានសំឡេងឆ្នោតគាំទ្រ ៦៨% នៅពេលតំណាងរាស្ត្រជិត ៥,០០០ រូបរបស់ សភាឥណ្ឌា បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ ជាមួយនឹងលទ្ធផលនេះ លោកស្រីក្លាយជាប្រធានាធិបតីជាស្ត្រីភេទដំបូងគេរបស់ ប្រទេសឥណ្ឌា ដែលមានដើមកំណើតពីសហគមន៍ជនជាតិដើមភាគតិច និងជាប្រធានាធិបតីភេទស្រីទីពីររបស់ប្រទេសនេះ បន្ទាប់ពីលោកស្រី Pratibha Patil។
លោកស្រី Draupadi Murmu ត្រូវបាន បក្សសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដែលកំពុងកាន់អំណាច ជ្រើសរើសជាបេក្ខភាពប្រធានាធិបតី។ លោកស្រីនឹងចូលកាន់អំណាចបន្ទាប់ពី ប្រធានាធិបតីឥណ្ឌា Ram Nath Kovind ដែលនឹងអស់អាណត្តិនៅថ្ងៃទី ២៤ កក្កដាខាងមុខ។
ក្រោយពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតត្រូវបានប្រកាស គេឃើញមាន ប្រជាពលរដ្ឋឥណ្ឌា ជាច្រើន ក្នុងនោះមានទាំងប្រជាជនមកពីសហគមន៍ជនជាតិដើមភាគតិចផងដែរ ប្រមូលផ្ដុំគ្នាតាមដងផ្លូវដើម្បីអបអរសាទរប្រធានាធិបតីថ្មី។
លោកស្រី Draupadi Murmu ចាប់កំណើតនៅថ្ងៃទី ២០ មិថុនា ១៩៥៨ ក្នុងគ្រួសារមួយនៃកុលសម្ព័ន្ធ Santali នៅខណ្ឌ Mayurbhanj រដ្ឋ Odisha ភាគខាងកើតនៃ ប្រទេសឥណ្ឌា។ ទាំងលោកឪពុក និងលោកតារបស់លោកស្រី សុទ្ធតែបានជាប់ឆ្នោតជាមេដឹកនាំក្នុងប្រព័ន្ធអាជ្ញាធរស្វ័យគ្រប់គ្រងនៅតំបន់ជនបទក្នុង ប្រទេសឥណ្ឌា។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏បានសម្ដែងការអបអរសាទរដល់លោកស្រី Murmu និងបានហៅជ័យជម្នះរបស់លោកស្រីថា ជាជោគជ័យដ៏គួរឱ្យភ្ជាប់ផ្អើល។
សហគមន៍ជនជាតិដើមភាគតិចនៅ ឥណ្ឌា រួមមានប្រហែល ១០៤ លាននាក់ ប្រមាណជា ៨.៦% នៃប្រជាជនសរុបរបស់ប្រទេសនេះ។ សហគមន៍ទាំងនេះភាគច្រើនរស់នៅក្នុងតំបន់ដាច់ស្រយាល និងមិនសូវទទួលបានការគាំពារល្អផ្នែកសុខុមាលភាព និងអប់រំ។
ការជាប់ឆ្នោតរបស់លោកស្រី Murmu ត្រូវបានក្រុមអ្នកវិភាគជឿថា នឹងនាំមកនូវការផ្លាស់ប្ដូរសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅ ឥណ្ឌា។
សូមបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌា គឺជាមេដឹកនាំកំពូលរបស់ប្រទេស ប៉ុន្តែមិនកាន់អំណាចប្រតិបត្តិច្រើនដូចនាយករដ្ឋមន្ត្រី៕