កងទ័ពអ៊ុយក្រែន បានប្រកាសថា ពួកគេបានបាញ់ទម្លាក់យន្តហោះ Su-35S របស់ កងទ័ពរុស្ស៊ី នៅក្នុងខេត្ត Kherson ភាគខាងត្បូងប្រទេស។
«អង្គភាពមីស៊ីលការពារដែនអាកាសនៃ ទ័ពអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី មួយគ្រឿង ដែលត្រូវបានដឹងថាជាកំណែ Su-35S នៅតំបន់ Nova Kakhovka ក្នុងខេត្ត Kherson កាលពីព្រឹកថ្ងៃទី ១៩ កក្កដា នៅពេលវាកំពុងរកវិធីវាយប្រហារលើយន្តហោះចម្បាំងរបស់ អ៊ុយក្រែន។ រូបភាពពីកន្លែងកើតហេតុបានបញ្ជាក់ថា យន្តហោះត្រូវបានបាញ់ទម្លាក់ ហើយអ្នកបើកបរបានលោតចេញដោយប្រើឆត្រយោង» បញ្ជាការដ្ឋានទ័ពអាកាសអ៊ុយក្រែន ប្រកាសដូច្នេះ។
វីដេអូដែលត្រូវបានចែករំលែកលើបណ្ដាញសង្គមបង្ហាញថា យន្តហោះត្រូវឆាបឆេះ ធ្លាក់ចុះដី និងផ្ទុះខ្ទេច ប៉ុន្តែមិនដឹងថាវាជាយន្តហោះប្រភេទណា និងគ្រប់គ្រងដោយអង្គភាពណា។ ឆត្រយោងមួយដែលត្រូវបានជឿថាជារបស់អ្នកបើកបរ បានទម្លាក់ខ្លួនចុះពីទីខ្ពស់នៅក្បែរនោះ មុនពេលឧទ្ធម្ភាគចក្រ Mi-24/35 ហោះក្រឡឹងកន្លែងកើតហេតុ។
ក្រសួងការពារជាតិរុស្ស៊ី មិនទាន់មានការអធិប្បាយអ្វីនៅឡើយ ទាក់ទិននឹងការប្រកាសរបស់ ទ័ពអាកាសអ៊ុយក្រែន។
Su-35S គឺជាយន្តហោះចម្បាំងជំនាន់ទី ៤++ របស់ រុស្ស៊ី ដែលមានសមត្ថភាពប្រតិកម្មរហ័សកម្រិតខ្ពស់ និងបំពាក់ឧបករណ៍ទំនើប។ ទ័ពអាកាសរុស្ស៊ី បានប្រើប្រាស់យន្តហោះនេះចាប់ពីឆ្នាំ ២០១៣ ហើយបច្ចុប្បន្ន មាន ១០៣ គ្រឿងកំពុងត្រូវបានប្រើប្រាស់ និងកំពុងបញ្ជាទិញ ២៩ គ្រឿងបន្ថែមទៀត។ Su-35S គឺជាយន្តហោះចម្បាំងសំខាន់លំដាប់លេខ ១ របស់ កងទ័ពរុស្ស៊ី នាបច្ចុប្បន្ន៕
— Illia Ponomarenko 🇺🇦 (@IAPonomarenko) July 19, 2022