(សហរដ្ឋអាម៉េរិក)-គ្រឿងអលង្ការ និងត្បូងមានតម្លៃខ្ទង់រយលានដុល្លារអាម៉េរិក ដែលជាកម្មសិទ្ធិរបស់បណ្ដាក្រុមហ៊ុនចូលរួមដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍លក់រាយ California កាលពីពេលថ្មី ៗនេះ ត្រូវបានចោរលួចយកទៅបាត់ នៅពេលកំពុងដឹកក្នុងរថយន្តមួយគ្រឿងឆ្ពោះទៅទិសខាងជើងដើម្បីទៅកាន់ Los Angeles។
ករណីលួចនេះបានកើតឡើងនៅព្រឹកព្រលឹម ថ្ងៃទី ១១ កក្កដា ក្នុងទីក្រុង Frazier Park នៅពេលរថយន្តឯកទេសរបស់ Brink Co’s ដែលដឹកគ្រឿងអលង្ការ និងត្បូងមានតម្លៃទាំងនេះ ទៅកាន់ឃ្លាំងមួយកន្លែង។
អ្នកស្រី Brandy Swanson ប្រធានក្រុមហ៊ុន International Gem & Jewelry Show ដែលជំនាញក្នុងការរៀបចំពិធីតាំងពិព័រណ៍លក់រាយនៅ សហរដ្ឋអាម៉េរិក បានឱ្យដឹងថា គ្រឿងអលង្ការ និងត្បូងប្រហែលពី ២៥ ទៅ ២០ ប្រអប់ របស់ ១៨ ក្រុមហ៊ុន ដែលបានចូលរួមដាក់តាំងក្នុងពិព័រណ៍នៅ San Mateo ភាគខាងត្បូងនៃទីក្រុង San Francisco ត្រូវបានគេលួចយកទៅបាត់ស្រមោល។ វត្ថុមានតម្លៃទាំងនេះត្រូវបានដឹកទៅកាន់ឃ្លាំងមួយ មុនពេលបន្តនាំយកទៅទីតាំងពិព័រណ៍មួយកន្លែងផ្សេងទៀតនៅ Pasadena។
យោងតាមប្រកាសរបស់ Brink វត្ថុមានតម្លៃដែលត្រូវគេលួចនេះ មានតម្លៃមិនដល់ ១០ លានដុល្លារ ប៉ុន្តែ អ្នកស្រី Swason បានកំណត់តម្លៃជិត ១០០ លានដុល្លារ។ បច្ចុប្បន្ន ភាគីខាងក្រុមហ៊ុនការពារសន្តិសុខ មិនទាន់មានប្រតិកម្មអ្វីនៅឡើយ ទាក់ទិននឹងហេតុការណ៍នេះ។
ទាក់ទងនឹងប្រកាសរបស់ Brink អ្នកស្រី Swason បកស្រាយថា ក្រុមហ៊ុនមួយចំនួនដែលបានចូលរួមតាំងពិព័រណ៍ តែងតែមានចេតនាប្រកាសតម្លៃទាបជាងធៀបនឹងជាក់ស្ដែងដើម្បីកាត់បន្ថយការចំណាយលើថ្លៃធានារ៉ាប់រង។
បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់ដឹងច្បាស់ថា ក្រុមចោរបានចូលគ្រប់គ្រងរថយន្តដឹកគ្រឿងអលង្ការនេះបានដោយវិធីណា ហើយក៏មិនដឹងថា ក្នុងរថយន្តនេះមានកាមេរ៉ា ឬប្រព័ន្ធកំណត់ តាមដានទិសដៅដែរ ឬយ៉ាងណានៅឡើយ៕