Skip to content

តុលាការ​កំពូលស្រី​លង្កា ហាម​ការចាក​ចេញពី​ប្រទេស​ចំពោះ​សមាជិកគ្រួសារ​លោក Rajapaksa

តុលាការ​កំពូលស្រី​លង្កា កាលពី​ថ្ងៃទី ១៥ កក្កដា បានចេញ​បញ្ជា​បណ្ដោះអាសន្ន​ដើម្បី​រារាំង​ការចាកចេញ​ពី​ប្រទេស​ចំពោះ អតីត​នាយករដ្ឋមន្ត្រី Mahinda Rajapaksa និង អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Basil Rajapaksa។

បទបញ្ជា​ដែលមាន​សុពលភាព​រហូតដល់​ថ្ងៃទី ២៨ កក្កដា​នោះ តម្រូវឱ្យ​អតីតមន្ត្រី​ជាន់ខ្ពស់​ខាងលើ​សុំច្បាប់​តុលាការ បើសិន​ចង់​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស។ លោក Mahinda គឺជា​បង​បង្កើត ចំណែក​លោក Basil គឺជា​ប្អូនបង្កើត​របស់ អតីត​ប្រធានាធិបតី Gotabaya Rajapaksa។ លោក Gotabaya Rajapaksa បាន​រត់ចោល​ប្រទេស​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដោយសារ​ត្រូវ​បាតុករ​ប្រឆាំង​តវ៉ា​ខ្លាំងក្លា និង​ចោទថា លោក Gotabaya Rajapaksa និង​គ្រួសារ ដឹកនាំ​ប្រទេស​ឱ្យ​ធ្លាក់​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ និង​សង្គម ក្រោយ​រដ្ឋាភិបាល​ប្រកាស​ក្ស័យធន។

ក្នុង​ថ្ងៃ​ដដែល នាយករដ្ឋមន្ត្រី Ranil Wickremesinghe បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ស្ដីទី​របស់ ស្រីលង្កា ក្រោយពី​ប្រធានសភា Mahinda Yapa Abeywardena យល់ព្រម​ទទួលសំណើសុំ​លាលែង​ពី​តំណែង​របស់លោក Gotabaya។ បក្ស SLPP ដែល​កំពុង​កាន់អំណាច ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ក៏បាន​ជ្រើសតាំង​ប្រធានាធិបតី​ស្ដីទី Ranil Wickremesinghe សម្រាប់​តំណែង​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​សភា​នា​ថ្ងៃទី ២០ កក្កដា​ខាងមុខ។

តាម​គម្រោង តំណាងរាស្ត្រ​ស្រីលង្កា​ចំនួន ២២៥ នាក់ នឹង​បោះឆ្នោត​សម្ងាត់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ នេះ​គឺជា​បញ្ហា​ដែល​មិន​ធ្លាប់​កើតមាន​ពីមុនមក ព្រោះថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ទាំង ៨ លើក​កន្លង សុទ្ធតែ​ធ្វើឡើង​តាមបែប​សកល៕

Leave a Reply

Your email address will not be published. Required fields are marked *