Skip to content

កែវយឹត​អវកាស James Webb ចាប់ផ្ដើម​ស្វែងរក​ភាវៈ​រស់នៅក្នុង​ចក្រវាល

បណ្ដា​រូបភាពដំបូងៗដែល​បានមកពី​តេ​ឡេ​ស្កូ​ប​អវកាស James Webb ត្រូវបាន សហរដ្ឋ​អាម៉េរិក បង្ហាញ​កាលពីពេលថ្មីៗនេះ ប៉ុន្តែ គោលដៅ​ចុងក្រោយ​របស់​កែវយឹត​នេះ គឺ​ការស្វែងរក​ភាវៈ​រស់នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។

James Webb បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការរុករក​គោលដៅ​ក្នុង​ចក្រវាល ហើយ ២ ក្នុងចំណោម​បេសកកម្ម​ដំបូង​របស់​វា​គឺ​ការស្វែងរក​ផ្កាយ​ដែល​ស្ថិតនៅឆ្ងាយៗបំផុត និង​បណ្ដា​ពិភព​ដែល​អាច​ទ្រទ្រង់​ជីវិត។

ដោយមាន​កម្លាំង​ខ្លាំង​ជាង ១០០ ដង ធៀប​នឹង Hubble កែវយឹត​អវកាស James Webb អាច​មើលឃើញ​ទិដ្ឋភាព​ក្នុងដំណាក់កាលដំបូងៗបំផុត​នៃ​ការកកើត​ចក្រវាល បន្ទាប់ពី​ករណី​ផ្ទុះ Big Bang កាលពី ១៣.៨ ពាន់​លាន​ឆ្នាំមុន។ វត្ថុ​អវកាស​ដែល​ស្ថិតនៅ​កាន់តែ​ឆ្ងាយ ពន្លឺ​របស់​វា​ក៏ត្រូវ​ចំណាយពេល​កាន់តែ​យូរ​ដើម្បី​មកដល់​ផែនដី។ ដូច្នេះ ការសង្កេតមើល​ជ្រៅ​ទៅក្នុង​ចក្រវាល គឺជា​ការសង្កេតមើល​អ​តី​ត​កាល។ នោះ​គឺជា​មូលហេតុ​ដែល James Webb ត្រូវបាន​គេ​ហៅថា «ឧបករណ៍​ឆ្លុះ​មើល​អតីតកាល»។

បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ដើរ​ត្រលប់​ទៅកាន់​អតីតកាល​បាន ៩៧% ហើយ ធៀប​នឹង​ករណី​ផ្ទុះ Big Bang ប៉ុន្តែ ពួកគេ​មើល​ឃើញតែ​ចំណុច​ក្រហម​ដ៏តូចៗ នៅពេល​សង្កេត​ទៅកាន់​ប​ណ្ដា​កាឡាក់ស៊ី​ដែល​នៅ​សែនឆ្ងាយ។

តារាវិទូ Dan Coe មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​តេ​ឡេ​ស្កូ​ប​អវកាស បានឱ្យដឹងថា «យើង​នឹង​មើល​ត្រលប់​ទៅកាន់​ពេលវេលាដំបូងៗបំផុត ដើម្បី​សង្កេត​ទៅលើ​ការកកើត​របស់​កាឡាក់ស៊ីដំបូងៗក្នុង​ប្រវត្តិសាស្ត្រ​ចក្រវាល»។

តារាវិទូ Dan Coe ឆាប់ៗនេះ​នឹង​អនុវត្ត​គម្រោង​ចំនួន ២ ជាមួយ James Webb នោះ​គឺ ការសង្កេតមើល​កាឡាក់ស៊ី​មួយ​ក្នុងចំណោម​កាឡាក់ស៊ី​នៅ​ឆ្ងាយ​ជាងគេ​បង្អស់ ដែល​ត្រូវបាន​ដាក់ឈ្មោះថា MACS0647-JD ដែល​លោក​បាន​រកឃើញ​កាលពី​ឆ្នាំ ២០១៣ និង​ផ្កាយ​នៅ​ឆ្ងាយ​បំផុត​គឺ Earendel ដែល​ត្រូវបាន​រកឃើញ​កាលពី​ខែមីនា​ឆ្នាំនេះ៕

​ផ្កាយ​នៅ​ឆ្ងាយ​បំផុត​គឺ Earendel ត្រូវ​បាន​ថត​ដោយកែវយឹត​អវកាស​​ Hubble
ប្រព័ន្ធ​ផ្កាយ Trappist-1

Leave a Reply

Your email address will not be published. Required fields are marked *