នាយករដ្ឋមន្ត្រី Wickremesinghe ស្បថចូលកាន់តំណែងប្រធានាធិបតីស្ដីទី ជំនួសលោក Gotabaya Rajapaksa ដែលបានរត់ចោលប្រទេសដោយសារវិបត្តិសេដ្ឋកិច្ច និងនយោបាយ។
ពិធីស្បថចូលកាន់តំណែងរបស់លោក Ranil Wickremesinghe អាយុ ៧៣ ឆ្នាំ ត្រូវបានធ្វើឡើងនៅថ្ងៃនេះ ក្រោមវត្តមានរបស់ប្រធានតុលាការ Jayantha Jayasuriya។ ការនាយករដ្ឋមន្ត្រី Wickremesinghe ត្រូវឡើងកាន់អំណាចជំនួសបណ្ដោះអាសន្ន បន្ទាប់ពីប្រធានាធិបតី Rajapaksa បានរត់ចោលប្រទេសស្រុកនេះ គឺធ្វើឡើងទៅតាមរដ្ឋធម្មនុញ្ញរបស់ ស្រីលង្កា។
លោក Wickremesinghe នឹងកាន់តំណែងនេះរហូតដល់សភារបស់ ស្រីលង្កា បោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ កក្កដាខាងមុខ។
ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានផ្ញើសារអេឡិកត្រូនិកលាលែងពីតំណែងទៅកាន់ប្រធានសភាកាលពីថ្ងៃទី ១៤ កក្កដា ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានធ្វើដំណើរដល់ សិង្ហបុរី។
ប្រធានសភាស្រីលង្កា មុននោះបានឱ្យដឹងថា ពាក្យសុំលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ត្រូវបានយល់ព្រម បន្ទាប់ពីស្ថាប័នយុត្តិធម៌ពិនិត្យភាពស្របច្បាប់រួចរាល់។
នៅ ស្រីលង្កា បាតុករបានចោទលោក Rajapaksa និងត្រកូលរបស់លោកថា បានប្រមូលយកថវិកាជាតិជាច្រើនឆ្នាំមកហើយ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ចមិនបានល្អ ធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពហិនហោច។
លោក Rajapaksa បានច្រានចោលការចោទប្រកាន់មួយចំនួន ប៉ុន្តែបានទទួលស្គាល់ថា គោលនយោបាយខ្លះរបស់លោក បានរួមចំណែកបង្កឱ្យមានវិបត្តិ៕