Skip to content

កងការពារ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវគេ​រំខាន​ការផ្ដោត​អារម្មណ៍ មុនពេល​ឃាតកម្ម​កើតឡើង

ក្រុមមន្ត្រី​ស៊ើបអង្កេត​បានឱ្យដឹងថា ប៉ូលិស​មួយរូប​ដែល​ការពារ​សុវត្ថិភាព​ជូន​លោក ស្ហ៊ី​ន​ហ្សូ អា​បេ ត្រូវបាន​រំខាន​ដោយ​អ្នកដើរ​ឆ្លងផ្លូវ និង​មិន​បានឃើញ​ជនសង្ស័យ​ដែល​កំពុង​ចូលទៅ​ក្បែរ​លោក អា​បេ។

កាលពី​ថ្ងៃទី ១៤ កក្កដា ក្រុមមន្ត្រី​ស៊ើបអង្កេត​ជប៉ុន បានឱ្យដឹងថា ប៉ូលិស ៤ នាក់ រួមមាន​មន្ត្រី​ពិសេស​ម្នាក់ ដែល​ត្រូវបាន​បញ្ជូន​ពី ស្នងការដ្ឋាន​នគរបាល​រាជធានី​តូ​ក្យូ បាន​ការពារ​ក្បែរ អតីត​នាយករដ្ឋមន្ត្រី អា​បេ នៅពេល​លោក​ថ្លែងការណ៍​នៅក្នុង​ទីក្រុង Nara នៃ​ខេត្ត Nara កាលពី​ថ្ងៃទី ៨ កក្កដា។

ម្នាក់​ក្នុងចំណោម​ប៉ូលិស ៤ នាក់ ទទួលខុសត្រូវ​សុវត្ថិភាព​ពី​ខាងក្រោយ​លោក អា​បេ។ ប៉ុន្តែ ភ្លាមៗមុនពេល​ហេតុការណ៍​កើតឡើង មន្ត្រី​រូបនេះ​ត្រូវបាន​រំខាន​ដោយ​បុរស​ម្នាក់​ដែល​រុញ​យាន​ដឹកទំនិញ​ឆ្លងកាត់​ខាងក្រោយ​លោក អា​បេ បណ្ដាលឱ្យ​មន្ត្រី​រូបនេះ មើលមិនឃើញ​ជនសង្ស័យ​កំពុង​ចូលមក​ជិត​លោក អា​បេ តាមផ្លូវ​បញ្ឆិត​ពី​ខាងក្រោយ។

មន្ត្រីប៉ូលិស​ម្នាក់ទៀត ទទួលខុសត្រូវ​លើ​ចិញ្ចើមផ្លូវ ជាទី​ដែល​ជនសង្ស័យ​ឈរ​ពេល​ដំបូង។ មន្ត្រី​រូបនេះ​ទទួល​ភារកិច្ច​ឃ្លាំមើល តាមដាន​ទីតាំង​ទាំងមូល ប៉ុន្តែ​បាន​និយាយថា មិនឃើញ​ជនសង្ស័យ​ឈាន​ជើង​ចុះ​ពី​ចិញ្ចើមផ្លូវ។

ស្ថាប័ន​ប៉ូលិស​ជាតិ​កំពុងតែ​ស្រាវជ្រាវ និង​កំណត់​ចំណុច​ខ្វះចន្លោះ​នៅក្នុង​ការដាក់​កម្លាំង​ការពារ​សម្រាប់​លោក អា​បេ ក្នុងនោះ​មានដូចជា បញ្ហា​ខ្វះ​បុគ្គលិក​សន្តិសុខ​នៅ​ពីក្រោយ​លោក​ជាដើម។ ស្ថាប័ន​នេះ​មាន​គម្រោង​កែប្រែ​វិធានការ​សន្តិសុខសម្រាប់​ក្រុមមន្ត្រី​រដ្ឋាភិបាល ដោយយោង​ទៅតាម​លទ្ធផល​នៃ​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក អា​បេ។

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ី​ហ្សូ អា​បេ វ័យ ៦៧ ឆ្នាំ ត្រូវបាន​ជនសង្ស័យ​បាញ់​ពីក្រោយ​នៅពេល​លោក​កំពុង​ថ្លែង​ឃោសនា​រក​សំឡេងឆ្នោត​នៅក្នុង​ទីក្រុង Nara នៃ​ខេត្ត Nara។ នៅពេល​បាញ់ប្រហារ ជនសង្ស័យ Yamagami ស្ថិតនៅ​ចម្ងាយ​ប្រហែល ៥ ម៉ែត្រ ពី​លោក អា​បេ។

លោក អា​បេ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​តាម​ឧទ្ធម្ភាគចក្រ​ក្នុងស្ថានភាព​បាត់បង់​ស្មារតី។ វេជ្ជបណ្ឌិត ២០ នាក់ បាន​ចូលរួម​ជួយសង្គ្រោះ​លោក Abe ប៉ុន្តែ​មិនអាច​ឃាត់ឈាម​បាន។ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវបាន​ប្រកាសថា បានទទួល​មរណភាព​ដោយសារ​បាត់បង់​ឈាម​ច្រើនពេក៕

Leave a Reply

Your email address will not be published. Required fields are marked *