អ្នកនាំពាក្យរងរបស់ រាជរដ្ឋាភិបាលថៃ Traisuree Taisaranakul កាលពីថ្ងៃទី ១៤ កក្កដា បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តគម្រោងផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋបរទេសដើម្បីជំរុញការវិនិយោគ។
យោងតាមលោកស្រី Traisuree គណៈរដ្ឋមន្ត្រីថៃ បានអនុម័តសេចក្ដីព្រាងនៃការណែនាំរបស់ ការិយាល័យនាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ ស្ដីពីការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋបរទេស។ គោលនយោបាយនេះនឹងផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋបរទេស មិនលើសពី ១០០ នាក់ និងអ្នកមិនមានសញ្ជាតិមិនឱ្យលើសពី ៥០ នាក់ ជារៀងរាល់ឆ្នាំ។
លោកស្រី Traisuree បានឱ្យដឹងថា ពលរដ្ឋបរទេសមានមូលហេតុផ្សេងៗគ្នាដើម្បីស្វែងរកការស្នាក់នៅអចិន្ត្រៃយ៍នៅ ប្រទេសថៃ។ មនុស្សមួយចំនួនមកប្រទេសនេះដើម្បីធ្វើការ និងវិនិយោគ ខណៈដែលមនុស្សជាច្រើនផ្សេងទៀតមានបំណងនាំគ្រួសារមករស់នៅ និងទទួលផលប្រយោជន៍នៅ ប្រទេសថៃ។ ក្នុងគ្រាដែល ប្រទេសថៃ កំពុងត្រូវការទុនវិនិយោគពីបរទេសដើម្បីស្ដារសេដ្ឋកិច្ច រាជរដ្ឋាភិបាលថៃ សង្ឃឹមថា គោលនយោបាយថ្មីនេះនឹងជួយលើកទឹកចិត្តពលរដ្ឋបរទេសមករស់នៅយូរអង្វែងដើម្បីវិនិយោគ និងធ្វើការនៅ ប្រទេសនេះ។
យោងតាមលោកស្រី Traisuree គោលនយោបាយនេះ មុននោះត្រូវបាន គណៈកម្មាធិការជាតិអន្តោប្រវេសន៍ថៃ អនុម័តរួចហើយ ហើយនឹងមានសុពលភាពក្នុងពេលឆាប់ៗនេះ។
រាជរដ្ឋាភិបាលថៃ ថ្មីៗនេះបាន និងកំពុងរកវិធីដើម្បីទាក់ទាញពលរដ្ឋបរទេសដែលជាអ្នកមានទ្រព្យច្រើន និងអ្នកដែលមានជំនាញខ្ពស់ មករស់នៅ តាមរយៈគោលនយោបាយនានា ដូចជា អនុញ្ញាតឱ្យជួលផ្ទះ និងដីក្នុងរយៈពេលវែង ការសងប្រាក់បង់ពន្ធត្រលប់ទៅវិញ។ល។ តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាលថៃ សង្ឃឹមថា នឹងទាក់ទាញពលរដ្ឋបរទេសដែលមានជំនាញខ្ពស់ជាង ១ លាននាក់ មកកាន់ប្រទេសនេះដើម្បីរស់នៅ និងប្រកបរបររកស៊ី ហើយអាចនាំមកនូវខ្ទង់ប្រាក់វិនិយោគ ១ ទ្រីលានបាត (១,០០០ ពាន់លានបាត- ជិត ២៩ ពាន់លានដុល្លារអាម៉េរិក) នៅឆ្នាំ ២០២៦។ ខ្ទង់ប្រាក់នេះនឹងរួមចំណែកក្នុងការជួយស្ដារសេដ្ឋកិច្ចប្រទេសនេះ បន្ទាប់ពី GDP បានធ្លាក់ចុះជ្រៅក្នុងអំឡុង ២ ឆ្នាំកន្លងមក៕