ក្រុមបាតុករនាំគ្នាស្រែកច្រៀង រាំរែកនៅលើដងផ្លូវក្នុង រដ្ឋធានីកូឡុំបូ បន្ទាប់ពីប្រធានាធិបតី Gotabaya Rajapaksa ផ្ញើសារអេឡិកត្រូនិកលាលែងពីតំណែងទៅកាន់ប្រធានសភា។
ក្រុមបាតុករស្រីលង្កា កាលពីព្រលប់ថ្ងៃទី ១៤ កក្កដា បានប្រមូលផ្ដុំគ្នានៅក្បែរវិមានប្រធានាធិបតីដើម្បីជប់លៀងអបអរសាទរ ដោយពួកគេបានហៅការលាលែងពីតំណែងរបស់លោក Rajapaksa ថាជា «ជ័យជម្នះសម្រាប់ប្រជាធិបតេយ្យ»។ មនុស្សរាប់សិបនាក់នាំគ្នារាំរែក ស្រែកហ៊ោ និងលើកគ្រវីទង់ជាតិស្រីលង្កា ខណៈដែលមនុស្សពីរនាក់កំពុងស្រែកច្រៀងនៅលើឆាកតូចមួយ។
បរិយាកាសនេះដូចទៅនឹងពិធីបុណ្យធំ ខណៈដែលគ្រប់គ្នាស្រែកច្រៀង រាំរែកទៅតាមតន្ត្រី គ្រាដែលអ្នកផ្សេងស្រែកដាក់មីក្រូថា ពួកគេចង់ឱ្យមានការដឹកនាំប្រទេសជាតិល្អជាងនេះ។
«នៅលើពិភពលោក យើងបានដឹកនាំចលនាផ្ដួលរំលំប្រធានាធិបតីដោយកម្លាំងបាយ និងអំពើហិង្សាតិចតួចបំផុត។ នោះគឺជាការរួមផ្សំរវាងជ័យជម្នះ និងភាពធូរស្រាល» Viraga Perera វិស្វករម្នាក់ដែលបានចូលរួមធ្វើបាតុកម្មតាំងពីខែមេសា បានឱ្យដឹងដូច្នេះ។
ប្រធានាធិបតីស្រីលង្កា បានផ្ញើសារអេឡិកត្រូនិកលាលែងពីតំណែងទៅកាន់ប្រធានសភាកាលពីថ្ងៃទី ១៤ កក្កដា ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានធ្វើដំណើរដល់ សិង្ហបុរី។ អ្នកនាំពាក្យសភាបានឱ្យដឹងថា សារលាលែងពីតំណែងនេះត្រូវបានបញ្ជូនទៅកាន់អគ្គរដ្ឋអាជ្ញាដើម្បីពិនិត្យភាពស្របច្បាប់ មុនពេលទទួលស្គាល់ជាផ្លូវការ។
បើសិនជាអ៊ីមេលនោះត្រូវបានទទួលស្គាល់ លោក Rajapaksa នឹងក្លាយជាប្រធានាធិបតីដំបូងគេដែលលាលែងពីតំណែងរាប់ចាប់តាំងពី ស្រីលង្កា អនុម័តរបបប្រធានាធិបតីកាលពីឆ្នាំ ១៩៧៨៕