សហភាពអឺរ៉ុប (EU) កំពុងតែត្រៀមកញ្ចប់ទណ្ឌកម្មទី ៧ ដែលនឹងត្រូវដាក់ទៅលើ ទីក្រុងមូស្គូ ប៉ុន្តែ នឹងមិនមានការកាត់បន្ថយការនាំចូលឧស្ម័ន។
នៅលើទំព័រ Reuters នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បានឱ្យដឹងថា កញ្ចប់ទណ្ឌកម្មបន្ទាប់ដែល EU កំពុងព្រាង នឹងមិនកាត់បន្ថយការនាំចូលឧស្ម័នពី រុស្ស៊ី ឡើយ។ មូលហេតុគឺដោយសារសមាជិកជាច្រើនមិនអាចរកប្រភពផ្គត់ផ្គង់ថ្មីបានក្នុងពេលដ៏ខ្លី។
ប្រទេសឆែក កាន់កាប់តំណែងប្រធានបន្តវេនរយៈពេល ៦ ខែរបស់ EU ចាប់ពីថ្ងៃទី ១ កក្កដា។ ឆែក គឺជាប្រទេសមួយដែលពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការផ្គត់ផ្គង់ឧស្ម័នរបស់ រុស្ស៊ី។
ការដាក់ថាមពលចូលទៅក្នុងកញ្ចប់ទណ្ឌកម្មគឺជារឿងដែលមិនល្អ។ លោក Fiala យល់ថា «គោលការណ៍រួមគឺថា ទណ្ឌកម្មនានាត្រូវតែមានឥទ្ធិពលលើ រុស្ស៊ី ច្រើនជាងបណ្ដាប្រទេសដែលដាក់ទណ្ឌកម្ម»។ មុនពេល រុស្ស៊ី ចូលឈ្លានពានលើ អ៊ុយក្រែន EU ពឹងផ្អែកលើឧស្ម័នរបស់ រុស្ស៊ី ប្រមាណ ៤០%។
ជំនួសមកវិញ កញ្ចប់ទណ្ឌកម្មថ្មីនេះ គ្រោងនឹងផ្ដោតសំខាន់ទៅលើការហាមនាំចូលមាស ការបន្ថែមមុខទំនិញដែលហាមនាំចូល រុស្ស៊ី និងសំដៅទៅលើបុគ្គលសំខាន់ៗរបស់ប្រទេសនេះ។