យន្តហោះដែលដឹក ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ត្រូវបានគេជឿថា បានចេញដំណើរពី ម៉ាល់ឌីវ (Maldives) ទៅកាន់ សិង្ហបុរី នាថ្ងៃនេះ បន្ទាប់ពីលោកបានចាកចោលប្រទេស។
ប្រធានាធិបតី Gotabaya Rajapaksa រួមនឹងភរិយា និងអង្គរក្សពីររូប បានចាកចេញពី ម៉ាល់ឌីវ តាមជើងយន្តហោះរបស់ក្រុមហ៊ុន អារ៉ាប៊ីសាអូឌីត នេះបើតាមមន្ត្រីម្នាក់នៅព្រលានយន្តហោះរបស់ ម៉ាល់ឌីវ ដែលបានប្រាប់ AFP ក្នុងថ្ងៃនេះ។ អ្នកទាំងបួនត្រូវបានអមការពារទៅកាន់យន្តហោះ មុនពេលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Velana នៅក្នុង រដ្ឋធានីម៉ាល (Male) របស់ ម៉ាល់ឌីវ។
ប្រភពព័ត៌មានពី រដ្ឋាភិបាលស្រីលង្កា កាលពីថ្ងៃទី ១៣ កក្កដា បានឱ្យដឹងថា ប្រធានាធិបតី Gotabaya Rajapaksa អាចនឹងផ្ញើលិខិតលាលែងពីតំណែងទៅកាន់ ប្រធានសភាស្រីលង្កា បន្ទាប់ពីយន្តហោះបានចុះចតនៅ សិង្ហបុរី។
រដ្ឋាភិបាលសិង្ហបុរី មិនទាន់មានប្រតិកម្មអ្វីទៅនឹងព័ត៌មាននេះនៅឡើយ។ នៅឯព្រលានយន្តហោះ Changi របស់ សិង្ហបុរី អ្នកយកព័ត៌មានជាច្រើនកំពុងរង់ចាំតាមដាន បន្ទាប់ពីមានព័ត៌មានថា ប្រធានាធិបតីស្រីលង្កា នឹងមកកាន់ប្រទេសកោះនេះ។
ប្រធានាធិបតី Rajapaksa ត្រូវបានគេជឿថា ស្វែងរកវិធីទៅបរទេសដើម្បីចៀសវាងការចាប់ខ្លួន បន្ទាប់ពីលោកបានសន្យាថា នឹងលាលែងពីតំណែងក្នុងថ្ងៃទី ១៣ កក្កដានេះ ដើម្បីបើកផ្លូវឱ្យមានការ «ប្រគល់អំណាចដោយសន្តិវិធី» ដោយសារតែបាតុកម្មផ្ទុះឡើងកាន់តែធំ។ សភាស្រីលង្កា គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី ១៥ កក្កដា ហើយប្រធានាធិបតីថ្មីនឹងត្រូវបានជ្រើសតាំងនៅថ្ងៃទី ២០ កក្កដា។
លោក Rajapaksa កាលពីថ្ងៃទី ១១ កក្កដា បានទៅកាន់ព្រលានយន្តហោះអន្តរជាតិ Bandaranaike នៅ រដ្ឋធានីកូឡុំបូ ដើម្បីធ្វើដំណើរទៅកាន់ Dubai របស់ អាមីរ៉ាតអារ៉ាប់រួម (UAE) ប៉ុន្តែត្រូវបានបុគ្គលិកអន្តោប្រវេសន៍បដិសេធការបោះត្រាលើលិខិតឆ្លងដែន។ លោកក៏បានសម្រាកមួយយប់នៅក្នុងមូលដ្ឋានទ័ពមួយនៅក្បែរនោះ។
កាលពីថ្ងៃទី ៩ កក្កដា ប្រធានាធិបតីស្រីលង្កា បានភៀសខ្លួនចេញពីភូមិគ្រឹះនៅ រដ្ឋធានីកូឡុំបូ មុនពេលបាតុករសម្រុកចូលមកដល់។ កងទ័ពស្រីលង្កា ក្រោយមកក៏បានយកនាវាចម្បាំងមួយគ្រឿង នាំប្រធានាធិបតី និងជំនួយការទៅកាន់ទីក្រុង Trincomalee ហើយក៏បានឡើងឧទ្ធម្ភាគចក្រត្រលប់ទៅកាន់ព្រលានយន្តហោះអន្តរជាតិ Bandaranaike បំណងទៅកាន់ UAE ប៉ុន្តែមិនបានសម្រេច។
ស្រីលង្កា បានប្រកាសក្ស័យធនកាលពីខែមេសា ហើយកំពុងតែចរចាជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីសុំជំនួយ។ បន្ទាប់ពីការកាន់អំណាចបានជិត ២ ទសវត្សរ៍ របស់ត្រកូល Rajapaksa ប្រទេសកោះមួយនេះក៏បានធ្លាក់ទៅក្នុងភាពវឹកវរ ដោយមានបញ្ហាជាច្រើនកើតឡើង។ ប្រទេសនេះត្រូវអស់ឥន្ធនៈប្រើប្រាស់ ខ្វះស្បៀងអាហារ ថ្នាំសង្កូវ បណ្ដាលឱ្យជីវភាពរបស់ប្រជាជនជួបការលំបាកខ្លាំង៕