Skip to content

កងទ័ព​ស្រីលង្កា ស្នើឱ្យ​ប្រជាពលរដ្ឋ​ជួយ​ការពារ​ច្បាប់ និង​សណ្ដាប់ធ្នាប់

មន្ត្រី​ជាន់​ខ្ពស់​យោធា​របស់ ស្រីលង្កា ទើបតែ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​របស់​ប្រទេស​នេះ ជួយ​ដល់​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​ការពារ​ច្បាប់ និង​សណ្ដាប់ធ្នាប់ ក្នុង​ស្ថានការណ៍​ដែល ស្រីលង្កា កំពុង​ជួប​វិបត្តិ​សង្គម​ដ៏​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី ១៣ កក្កដា សេនាប្រមុខ Sarath Fonseka បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​សន្តិសុខ កុំ​អនុវត្តតាម​បទបញ្ជា​រំលោភ​រដ្ឋធម្មនុញ្ញ និង​ខុសច្បាប់ ដែល​បញ្ជា​ដោយ​ប្រធានាធិបតី​ស្ដីទី Ranil Wickremesinghe។ នៅក្នុង​ប្រកាស​មួយ លោក Sarath Fonseka និយាយថា មាន​ពាក្យ​ចចាមអារ៉ាម​ថា កម្លាំង​សន្តិសុខ​ទទួលបាន​បញ្ជា​ឱ្យ​បាញ់ប្រហារ​ដើម្បី​ទប់​ទល់នឹង​បាតុករ។

ប្រការនេះ​អាច​បង្កឱ្យមាន​អំពើហិង្សា​រវាង​ប្រជាពលរដ្ឋ និង​កងកម្លាំង​សន្តិសុខ។ លោក Sarath Fonseka បាន​ជំរុញ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ រក្សាខ្លួន​ជា​កងកម្លាំង​ដែលមាន​វិន័យ និង​គោរព​ច្បាប់ មិន​បាញ់ប្រហារ​លើ​ប្រជាពលរដ្ឋ​ដែល​មិនមាន​អាវុធ។

សេនាប្រមុខ Sarath Fonseka

ចំណែក​មេដឹកនាំ​បក្ស​នានា​នៅ ស្រីលង្កា ក៏បាន​សម្រេចចិត្ត​ស្នើឱ្យ​ប្រធានាធិបតី​ស្ដីទី Ranil Wickemesinghe លាលែង​ពី​តំណែង និង​អនុញ្ញាតឱ្យ​ប្រធានសភា Mahinda Yapa Abeywardena ឡើង​ដឹកនាំ​ប្រទេស​រហូតដល់​ថ្ងៃទី ២០ កក្កដា នៅពេល​សភា​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី។

សកម្មភាព​របស់​ក្រុមប្រឆាំង​ត្រូវបាន​ធ្វើឡើង​នៅពេល​ប្រធានាធិបតី Gotabaya Rajapaksa បាន​ចុះហត្ថលេខា​លាលែង​ពី​តំណែង និង​បាន​ចាក​ចេញពី​ប្រទេស ដោយ​ប្រគល់​អំណាច​ឱ្យ នាយករដ្ឋមន្ត្រី Ranil Wickremesinghe។

ប្រធានាធិបតី​ស្ដីទី Ranil Wickemesinghe

កាលពី​ម្សិលមិញ ប្រធានាធិបតី​ស្ដីទី Wickremesinghe បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន និង​បាន​ស្នើឱ្យ​កងកម្លាំងប្រដាប់អាវុធ និង​ប៉ូលិស ចាប់ផ្ដើម​ស្ដារ​សណ្ដាប់ធ្នាប់ និង​គ្រប់គ្រង​ស្ថានការណ៍​ឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *