Skip to content

អ៊ុយ​ក្រែ​ន កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ កូរ៉េខាងជើង

កាលពី​ថ្ងៃទី ១៣ កក្កដា សារព័ត៌មាន​រដ្ឋ​រុស្ស៊ី បាន​រាយការណ៍​ថា អ៊ុយ​ក្រែ​ន បាន​សម្រេចចិត្ត​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ កូរ៉េខាងជើង បន្ទាប់ពី ទីក្រុង​ព្យុងយ៉ាង ទទួលស្គាល់​ក្រុម​ផ្ដាច់ខ្លួន​នៅ​តំបន់ Donbass។

យោងតាម Sputnik អ៊ុយ​ក្រែ​ន បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ កូរ៉េខាងជើង ប៉ុន្មាន​ម៉ោង​ក្រោយពី ទីក្រុង​ព្យុងយ៉ាង បានប្រកាស​ទទួលស្គាល់​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា សាធារណរដ្ឋ​ប្រជាមានិត Donetsk និង សាធារណរដ្ឋ​ប្រជាមានិត Lugansk នៅ​តំបន់ Donbass ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។

ក្នុង​ប្រកាស ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា «យើង​ចាត់ទុក​ការសម្រេចចិត្ត​នេះ​ថា​ជាការ​ប្រឹងប្រែង​របស់ ទីក្រុង​ព្យុងយ៉ាង ក្នុង​បំណង​បំផ្លិចបំផ្លាញ​អ​ធិ​បេ​យ្យ​ភាព និង​បូរណភាព​ទឹកដី​របស់ អ៊ុយ​ក្រែ​ន រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ រដ្ឋ​ធម្ម​រុញ្ញ​អ៊ុយ​ក្រែ​ន ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​គោលការណ៍ ក៏ដូចជា​មូលដ្ឋានគ្រឹះ​នៃ​ច្បាប់​អន្តរជាតិ»។

ទីក្រុង​កៀវ សង្កត់ធ្ងន់ថា ប្រទេស​នេះ​ចាត់ទុក ការដែល សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ (DPRK) ទទួលស្គាល់​ក្រុម​ផ្ដាច់ខ្លួន​នៅ Donbass ថា «មិនមាន​ប្រសិទ្ធភាព និង​មិនមាន​តម្លៃ»។ ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន ប្រកាសថា «ដើម្បី​ឆ្លើយតប​នឹង​សកម្ម​ភាពមិន​ស្និទ្ធស្នាល​បែបនេះ អ៊ុយ​ក្រែ​ន ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ DPRK»។

រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​រិះគន់ ទីក្រុង​មូ​ស្គូ ដោយ​ចោទថា រុស្ស៊ី គឺជា​អ្នកជំរុញ​ឱ្យ កូរ៉េខាងជើង សម្រេចចិត្ត​បែបនេះ។

មុន​នោះ មេដឹកនាំ​តំបន់ Donetsk លោក Denis Pushilin បានប្រកាសថា កូរ៉េខាងជើង កាលពី​ថ្ងៃទី ១៣ កក្កដា បានទទួល​ស្គាល់ សាធារណរដ្ឋ Lugansk និង Donetsk នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ ស្ថានទូត​កូរ៉េខាងជើង នៅ មូ​ស្គូ ក៏បាន​បញ្ជាក់​អំពី​ព័ត៌មាន​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *