Skip to content

ខ្មាន់កាំភ្លើង​បាញ់ប្រហារ​លើ​ទីតាំង​សាសនា មុនពេល​លួច​ធ្វើឃាត​លោក ស្ហ៊ី​ន​ហ្សូ អា​បេ

ជនសង្ស័យ Yamagami បាន​បាញ់​សាកល្បង​ទៅលើ​ទីតាំង​សាសនា​ដែល​ជននេះ​ស្អប់ មួយ​ថ្ងៃមុន​ការធ្វើឃាត អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ី​ន​ហ្សូ អា​បេ។

«ខ្ញុំ​បាន​បាញ់​ទៅលើ​ទីតាំង​សាសនា​មួយ​នៅក្នុង​ខេត្ត Nara កាលពី​វេលា​ទាប​ភ្លើង ថ្ងៃទី ៧ កក្កដា» ជនសង្ស័យ Tetsuya Yamagami អាយុ ៤១ ឆ្នាំ បាន​សារភាព​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត និង​ប៉ូលិស​ខេត្ត Nara កាលពី​ថ្ងៃទី ១១ កក្កដា​ដូច្នេះ។

យោងតាម​ប៉ូលិស កាមេរ៉ា​សន្តិសុខ​ថត​បាន​រូបភាព​រថយន្ត​មួយគ្រឿង​ដែល​ដូច​ទៅនឹង​រថយន្តរ​បស់ជនស​ង្ស័​យ​ដែល​សមត្ថកិច្ច​ឃាត់​បាន កាលពី​ព្រឹក​ថ្ងៃទី ៧ កក្កដា។ ប៉ូលិស​ជឿថា Yamagami ពេលនោះ​កំពុងតែ​ពិសោធ​កាំភ្លើង​ដែល​ខ្លួន​បាន​កែច្នៃ។

Yamagami សារភាពថា ខ្លួន​ស្អប់​ក្រុម​សាសនា​មួយ​នោះ ហើយ​មានបំណង​ធ្វើឃាត​លោក អា​បេ ដោយសារ​តែមាន​ទំនាក់​ទំនងជា​មួយក្រុម​សាសនា​នោះ។

ប្រជាជន​រស់នៅ​ក្បែរ​ទីតាំង​សាសនា​មួយ​នោះ ដែល​ស្ថិតក្នុង​ទីក្រុង Nara និយាយថា ពួកគេ​ឮ​សំឡេង​ផ្ទុះ​នៅវេលា​ម៉ោង​ប្រហែល ៤ ថ្ងៃទី ៧ កក្កដា។

ទីតាំង​សាសនា​នោះ​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ជនសង្ស័យ។ ប៉ូលិស​បាន​រកឃើញ​វត្ថុ​តាំង​មួយចំនួន​នៅក្នុង​រថយន្ត​របស់ Yamagami។ នៅពេល​ត្រូវបាន​សួរ ជនសង្ស័យ​ឆ្លើយថា វត្ថុ​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើតេស្ត​កាំភ្លើង។

ជនសង្ស័យ Yamagami អតីត​សមាជិក​នៃ​កងកម្លាំង​ការពារ​ដែនសមុទ្រ​ជប៉ុន បានធ្វើ​ឃាត អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ី​ន​ហ្សូ អា​បី កាលពី​ថ្ងៃទី ៨ កក្កដា។ ជននេះ​និយាយថា ម្ដាយ​របស់ខ្លួន​បាន​ចូលរួម​ជាមួយ​អង្គការ​សាសនា​ដែល​ខ្លួន​ស្អប់ និង​ត្រូវបាន​ពួកគេ​ធ្វើឱ្យ​អស់ទ្រព្យ​សម្បត្តិ។

ជនសង្ស័យ Tetsuya Yamagami អាយុ ៤១

សាច់ញាតិ​បាន​ប្រាប់ថា Yamagami «ចងគំនុំ​ជា​យូរ​មកហើយ» ចំពោះ​អង្គការ​សាសនា​នោះ។ ប្រភពព័ត៌មាន​មួយចំនួន​និយាយថា ដំបូង​ឡើយ ជនសង្ស័យ​មានបំណង​ធ្វើឃាត​មេដឹកនាំ​សាសនា​នោះ ប៉ុន្តែ បាន​បោះបង់​ទៅវិញ​ដោយសារ «ពិបាក»។

សមត្ថកិច្ច​មិនទាន់​បញ្ជាក់ថា អង្គការ​សាសនា​នោះ​គឺជា​អ្វី ប៉ុន្តែ សារព័ត៌មាន​មួយចំនួន​សុទ្ធតែ​ផ្ដោតទៅលើ Unification Church។ នេះ​គឺជា​ក្រុម​គ្រី​ស្ទ​សាសនិក​ដ៏​ល្បីឈ្មោះ ទាក់ទង​នឹង​ពិធី​រៀបការ​ជា​ក្រុម និង​តែងតែ​ប្រឹងប្រែង​ដើម្បី​កសាង​ទំនាក់ទំនង​ជាមួយ​បណ្ដា​បក្សនយោបាយ​អភិរក្សនិយម​នៅលើ​ពិភពលោក។

ប្រធាន​អង្គការ Unification Church សាខា​នៅ ជប៉ុន លោក Tomihiro Tanaka កាលពី​ថ្ងៃទី ១១ កក្កដា បាន​បញ្ជាក់ថា ម្ដាយ​របស់​ជនសង្ស័យ​គឺជា «សមាជិក​យូរ​ឆ្នាំ» របស់​អង្គការ​នេះ។ លោក Tanaka ថ្លែងថា Yamagami មិនមែនជា​សមាជិករ​បស់​ក្រុម​សាសនា​នេះ ហើយ Unification Church ក៏​មិនមាន​ទំនាក់ទំនង​អ្វី​ជាមួយ អតីត​នាយករដ្ឋមន្ត្រី អា​បេ នោះដែរ។

សមត្ថកិច្ច​ជឿថា Yamagami បាន​រៀប​ផែនការ​ធ្វើឃាត​លោក អា​បេ យ៉ាងហោច​ក៏​តាំងតែ​ពី​ជាង ១ ឆ្នាំមុន ព្រោះ​ជននេះ​បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា ខ្លួន​ចាប់ផ្ដើម​កែច្នៃ​អាវុធ​កាលពី​រដូវ​ផ្កា​រីក​ឆ្នាំ ២០២១។ អ្នកជិតខាង​ម្នាក់​របស់​ជនសង្ស័យ​បាន​និយាយថា ធ្លាប់​បានឮ​សំឡេង​ដូច​ទៅនឹង​ការកែច្នៃ​ឈើ ចេញពី​បន្ទប់​របស់ Yamagami នៅពេល​យប់៕

Leave a Reply

Your email address will not be published. Required fields are marked *