Skip to content

ក្រុម​ផ្ដាច់ខ្លួន​ថា អ៊ុយ​ក្រែ​ន វាយប្រហារ​អង្គភាព​ការពារ​ដែនអាកាស​នៅ Lugansk

តំណាង​របស់​ក្រុម​ផ្ដាច់ខ្លួន​បានឱ្យដឹងថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​ទៅលើ​អង្គភាព​ការពារ​ដែនអាកាស​នៃ​ទីក្រុង Lugansk ក្នុងនោះ មាន​ទីតាំង​មួយ​ត្រូវ​រង​គ្រាប់​រ៉ុក្កែត។

«កងកម្លាំង​អ៊ុយ​ក្រែ​ន បើក​ការវាយប្រហារ​ធំ​សំដៅលើ​អង្គភាព​ការពារ​ដែនអាកាស​ដែល​ការពារ​សន្តិសុខសម្រាប់​ទីក្រុង Lugansk» Andrei Marochko ដែលជា​មន្ត្រី​មួយរូប​របស់​កងកម្លាំង​ការពារ​ប្រជាជន​នៃ​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា សាធារណរដ្ឋ​ប្រជាមានិត Lugansk (LPR) កាលពី​ថ្ងៃទី ១២ ក​ក្កា​ដា បានប្រកាស​ដូច្នេះ។

លោក Marochko ឱ្យដឹងថា រ៉ុក្កែត​មួយចំនួន​របស់ អ៊ុយ​ក្រែ​ន បាន​បាញ់​ចំ​គោលដៅ ប៉ុន្តែ​អះអាងថា កងកម្លាំង​បម្រុង​របស់​ក្រុម​ផ្ដាច់ខ្លួន​នៅតែ​ជា​អ្នកគ្រប់គ្រង​ដែនអាកាស Lugansk។

ផ្សែង​បាញ់​ចេញពី​អគ្គិភ័យ​នៅ Lugansk ដែល​ក្រុម​ផ្ដាច់ខ្លួន​ថាជា​ការ​វាយ​ប្រហារ​របស់​ អ៊ុយក្រែន នៅក្នុង​វីដេអូ​មួយ​ដែល​ផ្សាយ​កាលពី​ថ្ងៃទី ១៣ កក្កាដា

ភាគី​ខាង​អ៊ុយ​ក្រែ​ន មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ការអះអាង​របស់​ក្រុម​ផ្ដាច់ខ្លួន​នៅ Lugansk នៅឡើយ។ ចំណែក រុស្ស៊ី ក៏​មិនទាន់មាន​ការអធិប្បាយ​អ្វី​ដែរ​ទាក់ទិន​នឹង​បញ្ហា​នេះ។

ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន យល់ថា រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន កំពុង​ប្រមូល​កម្លាំង​ដ៏​ធំ ពិសេស​គឺ​នៅ​ជុំវិញ​ស្រុក Bakhmut, Sieversk, Sloviansk និង Kramatorsk ក្នុង​ខេត្ត Donetsk។

ការវាយប្រហារ​ខាងលើ​របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ទីក្រុង​កៀវ បានប្រកាសថា​នឹង​វាយយក​ទឹកដី​ដែល រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន​បាន​ដណ្ដើម​កាន់កាប់ បន្ទាប់ពី​ទទួលបាន​អាវុធទំនើបៗពី សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​នៅ អឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *