Skip to content

ប្រធានាធិបតី​ស្រីលង្កា «ចាកចោល​ប្រទេស» តាម​យន្តហោះ​យោធា

ប្រធានាធិបតី​ស្រីលង្កា បាន​ចាកចោល​ប្រទេស​តាម​យន្តហោះ​យោធា និង​បាន​ទៅដល់ ម៉ាល់ឌីវ (Maldives) នា​ព្រឹក​នេះ បន្ទាប់ពី​បាតុករ​សម្រុកចូល​ភូមិគ្រឹះ​របស់លោក​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa អាយុ ៧៣ ឆ្នាំ រួម​នឹង​ភរិយា និង​អង្គរក្ស ២ នាក់ គឺជា​អ្នកដំណើរ​នៅលើ​យន្តហោះ​យោធា Antonov-32 ដែល​ហោះ​ឡើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​របស់ ស្រីលង្កា ឆ្ពោះទៅកាន់ រដ្ឋធានីម៉ាល របស់ ម៉ាល់ឌីវ នេះ​បើតាម​មន្ត្រី​អន្តោប្រវេសន៍​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ។

«លិខិតឆ្លងដែន​របស់​ពួកគេ​ត្រូវបាន​បោះត្រា ហើយ​ពួកគេ​ឡើង​យន្តហោះ​របស់​កងទ័ពអាកាស​ពិសេស» មន្ត្រី​ខាងលើ​ឱ្យដឹង​ដូច្នេះ។

យោងតាម​ក្រុមមន្ត្រី​នៅ​អាកាសយានដ្ឋាន យន្តហោះ​ខាងលើ​ត្រូវបាន​ឃាត់​ប្រហែល ១ ម៉ោង នៅលើ​ផ្លូវ​រត់ ព្រោះតែ​ច្រឡំ​ទាក់ទង​នឹង​ការអនុញ្ញាតឱ្យ​ចុះចត​នៅ ម៉ាល់ឌីវ​។ នៅពេល​ទៅដល់ ម៉ាល់ឌីវ ពួកគេ​ត្រូវបាន​នាំទៅ​កាន់​ទីតាំង​ដែល​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង ក្រោម​ការការពារ​ពី​ប៉ូលិស។

បច្ចុប្បន្ន មិនទាន់មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ពី​ការិយាល័យ​ប្រធានាធិបតី​ស្ដីពី​ទីតាំង​របស់លោក Rajapaksa នៅឡើយ ប៉ុន្តែ លោក​នៅតែ​ជា​មេបញ្ជាការ​កងទ័ព​រប​ស់ ស្រីលង្កា។

ប្រធានាធិបតី Rajapaksa ត្រូវបាន​គេ​ជឿថា ស្វែងរក​វិធី​ទៅ​បរទេស​ដើម្បី​ចៀសវាង​ការចាប់ខ្លួន បន្ទាប់ពី​លោក​បាន​សន្យាថា នឹង​លាលែង​ពី​តំណែង​ក្នុង​ថ្ងៃទី ១៣ កក្កដា​នេះ ដើម្បី​បើកផ្លូវ​ឱ្យមាន​ការ «ប្រគល់​អំណាច​ដោយ​សន្តិវិធី» ដោយសារតែ​បាតុកម្ម​ផ្ទុះឡើង​កាន់តែ​ធំ។ សភា​ស្រីលង្កា គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី ១៥ កក្កដា ហើយ​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវបាន​ជ្រើស​តាំងនៅ​ថ្ងៃទី ២០ កក្កដា។

លោក Rajapaksa កាលពី​ថ្ងៃទី ១១ កក្កដា បាន​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Bandaranaike នៅ រដ្ឋធានី​កូឡុំបូ ដើម្បី​ធ្វើដំណើរ​ទៅកាន់ ឌូបៃ (Dubai) របស់ អា​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​អន្តោប្រវេសន៍​បដិសេធ​ការបោះ​ត្រា​លើ​លិខិតឆ្លងដែន។ លោក​ក៏បាន​សម្រាក​មួយ​យប់​នៅក្នុង​មូលដ្ឋានទ័ព​មួយ​នៅក្បែរនោះ។

កាលពី​ថ្ងៃទី ៩ កក្កដា ប្រធានាធិបតី​ស្រីលង្កា បាន​ភៀសខ្លួន​ចេញពី​ភូមិគ្រឹះ​នៅ រដ្ឋធានី​កូឡុំបូ មុនពេល​បាតុករ​សម្រុក​ចូលមក​ដល់។ កងទ័ព​ស្រីលង្កា ក្រោយមក​ក៏បាន​យក​នាវាចម្បាំង​មួយគ្រឿង នាំ​ប្រធានាធិបតី និង​ជំនួយការ​ទៅកាន់​ទីក្រុង Trincomalee ហើយក៏​បាន​ឡើង​ឧទ្ធម្ភាគចក្រ​ត្រលប់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Bandaranaike បំណង​ទៅកាន់ UAE ប៉ុន្តែ​មិនបាន​សម្រេច។

ស្រីលង្កា បានប្រកាស​ក្ស័យធន​កាលពី​ខែមេសា ហើយ​កំពុងតែ​ចរចា​ជាមួយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដើម្បី​សុំ​ជំនួយ។ បន្ទាប់ពី​ការ​កាន់អំណាច​បាន​ជិត ២ ទសវត្សរ៍ របស់​ត្រកូល Rajapaksa ប្រទេស​កោះ​មួយ​នេះ​ក៏បាន​ធ្លាក់​ទៅក្នុង​ភាពវឹកវរ ដោយមាន​បញ្ហា​ជាច្រើន​កើតឡើង។ ប្រទេស​នេះ​ត្រូវអស់​ឥន្ធនៈ​ប្រើប្រាស់ ខ្វះ​ស្បៀងអាហារ ថ្នាំសង្កូវ បណ្ដាលឱ្យ​ជីវភាព​របស់​ប្រជាជន​ជួប​ការលំបាក​ខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *