ប្រធានាធិបតី ចូ បៃដិន បានបញ្ចេញរូបថតមួយសន្លឹកក្នុងចំណោមកម្រងរូបថតដំបូងរបស់ តេឡេស្កុបអវកាស James Webb ហើយនេះគឺជារូបថតជ្រៅបំផុតរបស់ទីអវកាសដែលមនុស្សជាតិថតបាន។
រូបថតដែលបង្ហាញអំពី SMACS 0723 ជាបណ្ដុំនៃកាឡាក់ស៊ី ដែលនៅក្នុងទីអវកាសដ៏សែនឆ្ងាយនេះត្រូវបានប្រកាសបង្ហាញនៅ សេតវិមាន ក្នុងព្រឹត្តិការណ៍មួយដែលមានការចូលរួមរបស់ ប្រធានអង្គការណាសា លោក Bill Nelson។
លោក Bill Nelson បានថ្លែងថា «នេះគឺជារូបថតដែលជ្រៅបំផុតរបស់ទីអវកាសដែលយើងថតបាន»។
កាឡាក់ស៊ី និងកញ្ចុំផ្កាយមួយចំនួនដែលស្ថិតនៅសែនឆ្ងាយនៅក្នុងរូបនេះ មិនធ្លាប់ត្រូវបានសង្កេតមើលនៅឡើយគិតមកដល់បច្ចុប្បន្ន។ បណ្ដុំកាឡាក់ស៊ីដែលត្រូវបានបង្ហាញនេះ ទំនងជាបានកកើតឡើងតាំងពី ៤.៦ ពាន់លានឆ្នាំមុន។
រូបថតខាងលើត្រូវបានថតដោយកាមេរ៉ាក្បែរអ៊ីនហ្វ្រារ៉េដ (Near-Infrared Camera) របស់ តេឡេស្កុបអវកាស James Webb។ បណ្ដារូបថតមានកម្រិតភាពច្បាស់ខ្ពស់ដែលនៅសល់នឹងត្រូវបានប្រកាសនៅថ្ងៃទី ១២ កក្កាដា (ម៉ោងនៅ សហរដ្ឋអាម៉េរិក)។
តេឡេស្កុប James Webb ដែលចាប់ផ្ដើមដំណើរការពីខែធ្នូ អាចសង្កេតមើលទៅខាងក្នុងតំបន់ដែលអាចមានភពក្រៅប្រព័ន្ធព្រះអាទិត្យ និងកាឡាក់ស៊ីដំបូងៗបន្ទាប់ពីអវកាសបានកកើតភ្លាម ដោយការមើលទៅលើកាំរស្មីអ៊ីនហ្វ្រារ៉េដ ដែលភ្នែកមនុស្សមិនអាចមើលឃើញ។
ណាសា (NASA) បានប្រកាសបង្ហាញគោលដៅដំបូងៗរបស់ តេឡេស្កុប James Webb កាលពីថ្ងៃទី ៨ កក្កដា នៅពេលបង្ហើបឱ្យដឹងអំពីអ្វីដែលនឹងត្រូវបានប្រកាសនៅក្នុងថ្ងៃទី ១២ កក្កដា ដែលរួមមាន ណេប៊ូឡា Carina, ភពឧស្ម័ន WASP-96b, ណេប៊ូឡា Southern និងបណ្ដុំកាឡាក់ស៊ី Stephan’s Quintet៕