ពិភពលោកអាចនឹងទទួលប្រជាពលរដ្ឋទី ៨ ពាន់លាននាក់នៅថ្ងៃទី ១៥ វិច្ឆិកាខាងមុខ ហើយ ឥណ្ឌា នឹង «យកឈ្នះចិន» ក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងពិភពលោកនៅឆ្នាំ ២០២៣។
ខាងលើនេះគឺជាការព្យាកររបស់ អង្គការសហប្រជាជាតិ (UN) ដែលបានលើកឡើងកាលពីថ្ងៃទី ១១ កក្កដា ឆ្នាំ ២០២២ នៅក្នុងទិវាប្រជាជនពិភពលោក (១១ កក្កដា)។
ការព្យាកររបស់ ស្ថាប័នសេដ្ឋកិច្ច និងសង្គម នៃ អង្គការសហប្រជាជាតិ បានឱ្យដឹងថា ល្បឿននៃកំណើនប្រជាជនពិភពលោក កំពុងស្ថិតក្នុងកម្រិតយឺតបំផុតរាប់ចាប់ពីឆ្នាំ ១៩៥០។ ចំនួនប្រជាជនពិភពលោកអាចកើនឡើងដល់ ៨.៥ ពាន់លាននាក់នៅឆ្នាំ ២០៣០, ៩.៧ ពាន់លាននាក់នៅឆ្នាំ ២០៥០ និងឡើងដល់ ១០.៤ ពាន់លាននាក់នៅឆ្នាំ ២០៨០ មុនពេលមានស្ថិរភាពក្នុងកម្រិតនេះរហូតដល់ឆ្នាំ ២១០០។
ការព្យាករបានអះអាងថា ក្នុងគ្រាដែលអត្រាចាប់កំណើតនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍត្រូវថយចុះ កំណើននៃប្រជាជននឹងកើនឡើងនៅក្នុង ៨ ប្រទេស រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, អេហ្ស៊ីប, អេត្យូពី, ឥណ្ឌា, នីហ្សេរីយ៉ា, ប៉ាគិស្ថាន, ហ្វ៊ីលីពីន និង តង់សានី៕