Skip to content

សហរដ្ឋ​អាម៉េរិក៖ បាញ់ប្រហារ​នៅក្នុង​ពិធីជប់លៀង​គ្រួសារ សម្លាប់​មនុស្ស​ជាច្រើន​នាក់

សារព័ត៌មាន​ក្នុងស្រុក​ដង​ស្រង់​ប្រភពព័ត៌មាន​ពី ប៉ូលិស​អាម៉េរិក បានឱ្យដឹងថា មនុស្ស ៣ នាក់​បាន​ស្លាប់ និង ២ នាក់​រងរបួស​កាលពី​ព្រឹក​ថ្ងៃទី ១០ កក្កដា ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅក្នុង​ពិធីជប់លៀង​គ្រួសារ​មួយ​នៅ​តំបន់ Antelope Valley ក្នុង​រដ្ឋ California។

ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​ខាងលើ​រួមមាន បុរស ៤ នាក់ និង​ស្ត្រី​ម្នាក់ ក្នុងនោះ​មាន​បុរស ៣ នាក់​បាន​ស្លាប់​នៅនឹងកន្លែង។ អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​អំពី​ស្ថានការណ៍ ក៏ដូចជា​មូលហេតុ​នៃ​ករណី​បាញ់ប្រហារ​នេះ​នៅឡើយ។

នេះ​គឺជា​ករណី​បាញ់ប្រហារ​ថ្មី​បំផុត​នៅ សហរដ្ឋ​អាម៉េរិក។ មុន​នោះ កាលពី​ថ្ងៃទី ២៤ ឧសភា នៅ សហរដ្ឋ​អាម៉េរិក បានកើត​មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅ​សាលាបឋមសិក្សា Robb ក្នុង​ទីក្រុង Uvalde រដ្ឋ Texas បណ្ដាលឱ្យ​ក្មេង​ចំនួន ១៩ នាក់ និង​មនុស្សពេញវ័យ ២ នាក់​បាត់​បង់ជីវិត។

កាលពី​ថ្ងៃទី ៤ កក្កដា នៅក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​អាម៉េរិក ក៏​កើតមាន​ហេតុការណ៍​បាញ់ប្រហារ​ជាច្រើន បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ២២០ នាក់​ស្លាប់ និង​ជិត ៥៧០ នាក់​រងរបួស។

ទិន្នន័យ​របស់ Gun Violence Archive ដែលជា​អង្គការ​តាមដាន​អំពើហិង្សា​ដែលមាន​ប្រើប្រាស់​កាំភ្លើង​នៅ សហរដ្ឋ​អាម៉េរិក បាន​បង្ហាញថា ក្នុង​រដូវ​បុណ្យ​ឯករាជ្យ​អាម៉េរិក​ខាងលើ រដ្ឋ​ស្ទើរតែ​ទាំងអស់​នៅ សហរដ្ឋ​អាម៉េរិក មាន​ហេតុការណ៍​បាញ់ប្រហារ​ជាង ៥០០ ករណី ក្នុងនោះ​មាន​យ៉ាងហោច ១១ ករណី ជា​អំពើ​បាញ់ប្រហារ​លើ​ហ្វូងមនុស្ស៕

Leave a Reply

Your email address will not be published. Required fields are marked *