យោងតាមប្រភពព័ត៌មានជាច្រើន អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe មិនមានសញ្ញាដែលបង្ហាញថា លោកអាចរួចពីមរណភាពឡើយ បន្ទាប់ពីត្រូវគេបាញ់ប្រហារ។
មុននេះ លោក Abe ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្នុងស្ថានភាពបាត់បង់ស្មារតី ក្រោយពីត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅព្រឹកថ្ងៃទី ៨ កក្កដានេះ ពេលលោកកំពុងថ្លែងសុន្ទរកថា។
ប៉ូលិសបានចាប់ខ្លួនបរុសជាជនសង្ស័យម្នាក់ដែលមានអាយុខ្ទង់ជាង ៤០ ឆ្នាំ និងប្រមូលបានកាំភ្លើងមួយដើមនៅកន្លែងកើតហេតុ។
ប្រធានទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន ប្រកាសថា នឹងកោះប្រជុំបន្ទាន់នៅម៉ោងប្រហែល ១១ ព្រឹក (ម៉ោងនៅ កម្ពុជា) នៃថ្ងៃទី ៨ កក្កដា។
លោក Abe វ័យ ៦៧ ឆ្នាំ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងបានយូរជាងគេនៅ ជប៉ុន។ លោកបានជាប់ឆ្នោត និងកាន់តំណែងនេះជាលើកដំបូងកាលពីឆ្នាំ ២០០៦ ប៉ុន្តែ ត្រូវលាលែងនៅខែកញ្ញា ២០០៧ ដោយសារបញ្ហាសុខភាព។ លោក Abe បន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានជាប់ឆ្នោត កាន់តំណែងនេះជាថ្មីចាប់ពីឆ្នាំ ២០១២ រហូតដល់ពេលលាលែងម្ដងទៀតកាលខែសីហា ២០២០ ដោយសារជំងឺចាស់៕