អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវបាន​​ខ្មាន់​កាំភ្លើង​បាញ់​ចំ​ដើមទ្រូង

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ចំ​ដើមទ្រូង នេះ​បើតាម​ការផ្សាយ​របស់ NHK ខណៈដែល Reuters រាយការណ៍​ថា លោក​ត្រូវបាន​បាញ់​ចំក។

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe អាយុ ៦៧ ឆ្នាំ ដែល​កំពុង​ថ្លែងការណ៍​នៅឯ​ទីក្រុង Nara ភាគ​ខាងលិច​ប្រទេស​នេះ កាលពី​វេលា​ម៉ោង ១១ និង ៣០នាទី (ម៉ោង ៩ កន្លះ​នៅ ភ្នំពេញ) ក៏​ស្រាប់តែ​ត្រូវបាន​បុរស​ម្នាក់​បាញ់ប្រហារ​ពីក្រោយ។ ជនសង្ស័យ​ដែលមាន​អាយុ​ប្រហែល​ជាង ៤០ ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។

ទូរទស្សន៍ NHK បាន​រាយការណ៍​ថា លោក Abe ត្រូវ​រងរបួស បន្ទាប់ពី​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ដើមទ្រូង និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ។ ចំណែក Reuters របស់ អង់គ្លេស វិញ បាន​ផ្សាយ​ថា លោក Abe ត្រូវ​គ្រាប់កាំភ្លើង​ចំក និង​បាន​សន្លប់​បាត់ស្មារតី។

លោក Abe កំពុង​ថ្លែងការណ៍​ មុន​ពេល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់ប្រហារ

«ការិយាល័យ​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​បានឱ្យដឹងថា អតីត​នាយករដ្ឋមន្ត្រី Abe ហាក់​ស្ថិតក្នុង​ស្ថានភាព​គាំងបេះដូង» ទូរទស្សន៍ NHK ផ្សាយ​ដូច្នេះ ដែល​និយាយ​អំពី​ពាក្យ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​នៅ ជប៉ុន សំដៅលើ​មនុស្ស​ដែលមាន​ហានិភ័យ​ត្រូវ​បាត់បង់​ជីវិត មុនពេល​គ្រូពេទ្យ​បញ្ជាក់។

មនុស្ស​ប្រហែល ៣០ នាក់ កំពុង​មាន​វត្តមាន​នៅ​ក្នុង​ពេល​លោក​ Abe កំពុង​ថ្លែង​ការណ៍​ គ្រាដែល​ហេតុការណ៍​ ​កើត​ឡើង​។

Advertisement