អ្នកនយោបាយ​ដំបូង​ដែល​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អង់គ្លេស បន្ទាប់ពី​ការលាលែង​របស់លោក ច​ន​សុន

តំណាងរាស្ត្រ Tom Tugendhat ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភា​អង់គ្លេស ប្រកាស​ឈរឈ្មោះ​ជា​បេក្ខភាព​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី បន្ទាប់ពី លោក បូរី​ស ច​ន​សុន បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង។

ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភា​អង់គ្លេស លោក Tom Tugendhat កាលពី​យប់​ថ្ងៃទី ៧ កក្កដា បាន​ក្លាយជា​មនុស្ស​ដំបូង​ដែល​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខភាព​សម្រាប់​កៅអី​មេបក្ស​អភិរក្សនិយម ក្រោយពី នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន បានប្រកាស​លាលែង​ពី​តំណែង។

នៅលើ​ទំព័រ Daily Telegraph លោក Tugendhat និយាយថា ចង់​កសាង «សម្ព័ន្ធមិត្ត​ស៊ីជម្រៅ​មួយ» នៅក្នុង​វិស័យ​នយោបាយ​អង់គ្លេស នាំមក​នូវ​ការចាប់ផ្ដើម​ថ្មី​សម្រាប់​ប្រទេសជាតិ។ បើទោះជា​ប្ដេជ្ញា​ប្រជែង​យក​កៅអី​មេបក្ស ប៉ុន្តែ លោក Tugendhat នៅតែ​ចង់​រក្សា​ទំនាក់ទំនង​ល្អជា​មួយក្រុម​ដែលមាន​ស្វាមីភក្ដិ​ចំពោះ​លោក បូរី​ស ច​ន​សុន។

ក្រុមអ្នកតាមដាន​ស្ថានការណ៍​អះអាងថា លោក Tugendhat គឺជា​អ្នកនយោបាយ​ដែលមាន​និន្នាការ​តឹងរឹង​ចំពោះ​ទំនាក់ទំនង​ជាមួយ ចិន។ លោក Tugendhat វ័យ ៤៩ ឆ្នាំ គឺជា​អតីតមន្ត្រី​ទាហាន​ដែល​ធ្លាប់​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ីរ៉ាក់ និង អា​ហ្វ​ហ្គា​នី​ស្ថាន ហើយក៏​ធ្លាប់បាន​រិះគន់​លើ វិធី​ដែល​រដ្ឋាភិបាល​អង់គ្លេស ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ផងដែរ។

លោក Tugendhat បាន​ចូលប្រលូក​ក្នុង​ឆាកនយោបាយ​ចាប់តាំងពី​ឆ្នាំ ២០១៥ និង​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​កាលពី​ឆ្នាំ ២០១៩។ បុរស​រូបនេះ​មិន​ធ្លាប់បាន​កាន់តំណែង​អ្វីមួយ​នៅក្នុង រដ្ឋាភិបាល​អង់គ្លេស ហើយក៏​ទើបតែ​មានបទពិសោធន៍​ក្នុង​សភា។

តំណាងរាស្ត្រ Tom Tugendhat ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភា​អង់គ្លេស

លោក Tugendhat មាន​សញ្ជាតិ​ពីរ គឺ បារាំង និង អង់គ្លេស។ ឪពុក​របស់ Tugendhat គឺ​លោក Michael Tugendhat ដែលជា​ចៅក្រម​តុលាការ​ជាន់ខ្ពស់ ចំណែក​ពូ​របស់លោក​វិញ​គឺ លោក Christopher Tugendhat ជា អតីត​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប។

បក្ស​អភិរក្សនិយម (Conservative Party) គ្រោង​នឹង​ប្រកាស​ដំណើរការ​ស្វែងរក​អ្នក​ជំនួស​លោក បូរី​ស ច​ន​សុន នៅ​សប្ដាហ៍​ក្រោយ។ លោក ច​ន​សុន នឹង​គ្រប់គ្រង​តំណែង​នាយករដ្ឋមន្ត្រី​ជា​បណ្ដោះអាសន្ន ក្នុងអំឡុងពេល​បោះឆ្នោត​ផ្ទៃក្នុង​បក្ស​ដើម្បី​ជ្រើសតាំង​មេដឹកនាំ​ថ្មី។

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន ថ្មីៗនេះ​បាន​ប្រឈមមុខ​នឹង​បញ្ហា និង​ការរិះគន់​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការដែល​លោក​បានធ្វើ​ពិធីជប់លៀង​ក្នុង​គ្រា​ដែល អង់គ្លេស កំពុង​បិទ​ខ្ទប់​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ-១៩ កាលពី​ឆ្នាំ ២០២០ បញ្ហា​សេដ្ឋកិច្ច​ដែល​ត្រូវបាន​គេ​ព្យាករ​ថា មាន​ហានិភ័យ​ធ្លាក់​ទៅក្នុង​វិបត្តិ ព្រោះតែ​អស្ថិរភាព​ដែល​ទាក់ទិន​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ និង​វិបត្តិ​ប្រេងឥន្ធនៈ​សកល​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

លោក ច​ន​សុន ត្រូវ​រង​សម្ពាធ​កាន់តែខ្លាំងឡើងៗ រហូតដល់​ធ្វើឱ្យ​លោក​ត្រូវ​សម្រេចចិត្ត​លាលែង​ពី​តំណែង បន្ទាប់ពី រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និង​ជំនួយការ​តំណាងរាស្ត្រ​ជិត ៦០ រូប នៃ​គណបក្ស​អភិរក្សនិយម បាននាំគ្នា​ដាក់ពាក្យ​សុំលាលែង​ពី​តំណែង រាប់​ចាប់តាំងពី​ថ្ងៃទី ៥ កក្កដា៕

Leave a Comment