រុស្ស៊ី ៖ ការលាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស គឺជា «រង្វាន់​នៃ​គោលនយោបាយ​អ៊ុយ​ក្រែ​ន»

ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ ប្រទេស​អង់គ្លេស Andrei Kelin យល់ថា ការដែល​នាយករដ្ឋមន្ត្រី ច​ន​សុន លាលែង​ពី​តំណែង​គឺជា «រង្វាន់» ដែល​បាន​ពី​គោលនយោបាយ​ប្រឆាំងនឹង រុស្ស៊ី ដើម្បី​គាំទ្រ អ៊ុយ​ក្រែ​ន។

«ច​ន​សុន ផ្ដោតទៅលើ​ស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​ខ្លាំងពេក អំពី អ៊ុយ​ក្រែ​ន និង​បណ្ដែតបណ្ដោយ​បញ្ហា​ជាច្រើន​នៅក្នុង​ប្រទេស ប្រជាជន និង​ស្ថានភាព​សេដ្ឋកិច្ច ហើយ​អ្វីដែល​កើតឡើង​នៅថ្ងៃនេះ​គឺជា​លទ្ធផល​នៃ​ការ​បណ្ដែតបណ្ដោយ​នោះ» ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ អង់គ្លេស លោក Kelin ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី ៧ កក្កដា។

«ប្រជាជន​កំពុង​ត្រូវ​រង​ផលប៉ះពាល់​ពី​តម្លៃ​ទំនិញ​ឡើង​ខ្ពស់ ពន្ធ​ឡើង​ខ្ពស់។ ការសន្យា​របស់​រដ្ឋាភិបាល មិន​ត្រូវបាន​អនុវត្ត» លោក Kelin អាយុ ៦៥ ឆ្នាំ និយាយ​អំពី​បញ្ហា​ដែល​លោក ច​ន​សុន បាន​បន្សល់ទុក។

រាប់​ចាប់តាំងពី​ថ្ងៃទី ៥ កក្កដា នៅ អង់គ្លេស មាន​រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និង​ជំនួយការ​តំណាងរាស្ត្រ​ជិត ៦០ រូប នៃ​គណបក្ស​អភិរក្សនិយម (Conservative Party) បាននាំគ្នា​ដាក់ពាក្យ​សុំលាលែង​ពី​តំណែង នៅពេល​ការគាំទ្រ​សម្រាប់​លោក ច​ន​សុន បាន​ថយចុះ​យ៉ាងគំហុក។

លោក បូរី​ស ច​ន​សុន ថ្មីៗនេះ​បាន​ប្រឈមមុខ​នឹង​បញ្ហា និង​ការរិះគន់​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការដែល​លោក​បានធ្វើ​ពិធីជប់លៀង​ក្នុង​គ្រា​ដែល អង់គ្លេស កំពុង​បិទ​ខ្ទប់​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ-១៩ កាលពី​ឆ្នាំ ២០២០ បញ្ហា​សេដ្ឋកិច្ច​ដែល​ត្រូវបាន​គេ​ព្យាករ​ថា មាន​ហានិភ័យ​ធ្លាក់​ទៅក្នុង​វិបត្តិ ព្រោះតែ​អស្ថិរភាព​ដែល​ទាក់ទិន​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ និង​វិបត្តិ​ប្រេងឥន្ធនៈ​សកល​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន៕

Leave a Comment