អំពើ​បាញ់ប្រហារ​នៅក្នុង​រដូវ​បុណ្យ​ឯករាជ្យ​អាម៉េរិក​ឆ្នាំនេះ បានសម្លាប់​មនុស្ស​រាប់​រយ​នាក់

ករណី​អំពើហិង្សា​ទាក់ទិន​នឹង​កាំភ្លើង​នៅ សហរដ្ឋ​អាម៉េរិក បាន​កើនឡើង​គួរឱ្យ​បារម្ភ នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ ៤ កក្កដា កាលពី​ចុង​សប្ដាហ៍​កន្លង ដោយ​វា​បានសម្លាប់​មនុស្ស​យ៉ាងតិច ២២០ នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជិត ៥៧០ នាក់។

ទិន្នន័យ​របស់ Gun Violence Archive ដែលជា​អង្គការក្រៅរដ្ឋាភិបាល មាន​ជំនាញ​ក្នុងការ​តាមដាន​ករណី​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង​នៅ សហរដ្ឋ​អាម៉េរិក បាន​បង្ហាញថា ក្នុង​ថ្ងៃ​ឈប់សម្រាក​ចាប់ពី​ថ្ងៃទី ១ ដល់ ៤ កក្កដា​នៃ​ទិវា​បុណ្យ​ឯករាជ្យ​កន្លងទៅ នៅក្នុង​រដ្ឋ​ស្ទើរតែ​ទាំងអស់​របស់ សហរដ្ឋ​អាម៉េរិក បានកើត​មាន​ហេតុការណ៍​បាញ់ប្រហារ​ដោយ​ប្រើប្រាស់​កាំភ្លើង​ចំនួន​ជាង ៥០០ ករណី ក្នុងនោះ​ក៏មាន ១១ ករណី​ដែលជា​អំពើ​បាញ់រះ​លើ​ហ្វូងមនុស្ស។ មាន​រដ្ឋ​ចំនួន​តែ ៥ ប៉ុណ្ណោះ ដែល​មិនមាន​ករណី​បាញ់ប្រហារ​នៅក្នុង​រដូវ​បុណ្យ​នេះ។

ចាប់តាំងពី​ដើមឆ្នាំ ២០២២ រហូតដល់​បច្ចុប្បន្ន មាន​អំពើ​បាញ់រះ​ចំនួន ៣១៥ ករណី នៅ​ទូទាំង សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស​ប្រហែល ២២,៥០០ នាក់​បាត់​បង់ជីវិត។ សហរដ្ឋ​អាម៉េរិក ចាត់ទុក​អំពើ​បាញ់ប្រហារ​ដែល​បណ្ដាលឱ្យ​មាន​មនុស្ស​យ៉ាងតិច ៤ នាក់​ស្លាប់ ឬ​របួស ថា​ជា​អំពើ​បាញ់រះ។

ករណី​ហិង្សា​នៅក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​អាម៉េរិក ៤ កក្កដា មិនមែនជា​រឿង​កម្រ​នោះទេ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ឆ្នាំ ២០២១ មាន​មនុស្ស​ជាង ១៨០ បាន​ស្លាប់ និង ៥១៦ នាក់​រងរបួស​នៅ​ក្នុងករណី​បាញ់ប្រហារ​ក្នុង​រដូវ​បុណ្យ​ឯករាជ្យ​នេះ។

សហរដ្ឋអាម៉េរិក ចាត់ទុកអំពើបាញ់ប្រហារដែលបណ្ដាលឱ្យមានមនុស្សយ៉ាងតិច ៤ នាក់ស្លាប់ ឬរបួស ថាជាអំពើបាញ់រះ

សាធារណជន​អាម៉េរិក កំពុង​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​ប្រើប្រាស់​កាំភ្លើង។ កាលពី​ថ្ងៃ​ទ ២៤ ឧសភា មាន​ករណី​បាញ់រះ​មួយ​បាន​កើតឡើង​នៅឯ​សាលាបឋមសិក្សា Robb ក្នុង​តំបន់ Uvalde នៃ​រដ្ឋ Texas បាន​បណ្ដាលឱ្យ​ក្មេង​ចំនួន ១៩ នាក់ និង​មនុស្សពេញវ័យ ២ នាក់ បាត់បង់​ជីវិត។

ក្រោយ​កើតមាន​អំពើ​បាញ់រះ​នេះ សមាជិកសភា​អាម៉េរិក បាន​ជំរុញ​ឱ្យ​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់ «ដើម្បី​សហគមន៍​មាន​សុវត្ថិភាព​ជាង​មុន» បំណង​រឹតបន្តឹង​ការគ្រប់គ្រង​អាវុធ។ កាលពី​ថ្ងៃទី ២៥ មិថុនា ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​អនុម័ត​លើ​ច្បាប់​នេះ។

នេះ​គឺជា​ការប្រឹងប្រែង​ថ្មី និង​សំខាន់បំផុត​របស់ រដ្ឋាភិបាល​អាម៉េរិក ក្នុងការ​ដោះស្រាយ​អំពើហិង្សា​ពាក់​ទ័​ន្ធ​នឹង​កាំភ្លើង​នៅ សហរដ្ឋ​អាម៉េរិក រាប់​ចាប់តាំងពី​បទបញ្ជា​ហាម​ប្រើប្រាស់​អាវុធ​ដែលមាន​សុពលភាព ១០ ឆ្នាំ បាន​អស់​សុពលភាព​កាលពី​ឆ្នាំ ១៩៩៤៕

Leave a Comment