(នីហ្សេរីយ៉ា)-អ្នកទោសប្រហែល ៣០០ នាក់ បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីហេតុការណ៍សម្រុកចូលហែកគុកនៅ រដ្ឋធានីអាប៊ូហ្សា (Abuja) ដែលប្រព្រឹត្តិឡើងដោយក្រុមសកម្មប្រយុទ្ធអ៊ិស្លាម Boko Haram។
Shuaib Belgore លេខាអចិន្ត្រៃយ៍នៃ ក្រសួងមហាផ្ទៃនីហ្សេរីយ៉ា កាលពីម្សិលមិញបានឱ្យដឹងថា ហេតុការណ៍សម្រុកចូលហែកគុក អាប៊ូហ្សា ជាទីដែលដាក់អ្នកទោស ៩០០ នាក់ ដែលបានកើតឡើងនៅក្នុងយប់ថ្ងៃទី ៥ កក្កដានោះ បណ្ដាលឱ្យសន្តិសុខម្នាក់ស្លាប់ និង ៣ នាក់ផ្សេងទៀតរងរបួស។ មន្ត្រីខាងលើជឿថា ក្រុមសកម្មប្រយុទ្ធអ៊ិស្លាម Boko Haram ទំនងជាមានបំណងស្វែងរក និងរំដោះសមាជិករបស់ពួកគេដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
«ពួកគេមកដើម្បីរំដោះសមាជិកក្រុម ប៉ុន្តែអ្នកទោសទាំងនេះត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដូច្នេះអ្នកទោសដទៃជាច្រើនផ្សេងទៀតដ៏បានរត់គេចខ្លួន។ ក៏ប៉ុន្តែ អ្នកទោសជាច្រើននាក់ត្រូវបានចាប់ត្រលប់មកវិញ» Belgore ឱ្យដឹងដូច្នេះ។
លោក Belgore បានបញ្ជាក់ថា អ្នកទោសជាង ៦០០ នាក់ បានរត់គេចខ្លួន ប៉ុន្តែ ពាក់កណ្ដាលក្នុងចំណោមពួកគេត្រូវបានចាប់បញ្ជូនត្រលប់ចូលពន្ធនាគារវិញ ចំណែកក្រៅពីនេះ អាជ្ញាធរកំពុងតាមស្វែងរក។
ក្រុមសកម្មប្រយុទ្ធអ៊ិស្លាម Boko Haram ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០២ ហើយក្រោយមកក៏ត្រូវបានអន្តរជាតិចាត់ទុកថាជាក្រុមភេរវកម្ម។ ក្រុមនេះបានប្រព្រឹត្តអំពើចាប់ជំរិតសិស្សសាលា វាយប្រហារលើកងកម្លាំងសន្តិសុខ និងប្រជាជនស៊ីវិលផងដែរ៕