អ៊ីរ៉ង់ ប្រកាសថា បាន​ចាប់ខ្លួន ឯកអគ្គរដ្ឋទូត​រង​អង់គ្លេស

បណ្ដាញសារព័ត៌មានរ​ដ្ឋ​អ៊ីរ៉ង់ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូត​រង​អង់គ្លេស Whitaker ត្រូវបាន​ចាប់ខ្លួន​ពីបទ​ធ្វើ​សកម្មភាព​ចារកម្ម ប៉ុន្តែ ទីក្រុង​ឡុង​ដ៍ បាន​ច្រានចោល​ព័ត៌មាន​នេះ។

សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ កាលពី​ថ្ងៃទី ៦ កក្កដា បាន​ផ្សាយ​ថា ឆ្មាំ​បដិវត្ត​អ៊ីស្លាម (IRGC) បាន​ចាប់ខ្លួន​ជនបរទេស​ជាច្រើន​នាក់ ក្នុងនោះ​ក៏មាន​ទាំង ឯកអគ្គរដ្ឋទូត​រង​អង់គ្លេស នៅ អ៊ីរ៉ង់ គឺ​លោក Giles Whitaker ផងដែរ ដោយបាន​សង្ស័យថា មាន​សកម្មភាព​ចារកម្ម ប៉ុន្តែ មិនបាន​ឱ្យដឹង​លម្អិត​អំពី​ហេតុការណ៍​នេះ។

«ក្រុម​ចារបុរស​បាន​យក​សំណាក​ដី​នៅ​សមុទ្រ​ខ្សាច់​ភាគ​កណ្ដាល​របស់ អ៊ីរ៉ង់ ជាទី​ដែល IRGC ធ្វើ​សមយុទ្ធ​បាញ់​មី​ស៊ី​ល» បណ្ដា​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ ចេញផ្សាយ​ដូច្នេះ និង​បានបង្ហាញ​រូបថត​លោក Whittaker ដែល​ហាក់​កំពុងតែ​ប្រមូល​សំណាក​ដី​នៅពេល​កំពុងធ្វើដំណើរ​ជាមួយ​គ្រួសារ។ «ជននេះ​ត្រូវបាន​បណ្ដេញ​ចេញពី​ទីក្រុង បន្ទាប់ពី​បាន​សូម​អភ័យទោស​ចំពោះ​អាជ្ញាធរ»។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អង់គ្លេស បាន​ច្រាល​ចោល​ព័ត៌មាន​នេះ ដោយ​យល់ថា «ព័ត៌មាន​ស្ដីពី​ករណី​ចាប់ខ្លួន​អ្នកការទូត​អង់គ្លេស នៅ អ៊ីរ៉ង់ គឺជា​រឿង​មិន​ពិត»។ «ជាង​នេះ គាត់​មិន​នៅ​ធ្វើការ​ក្នុង ប្រទេស​អ៊ីរ៉ង់» អ្នកនាំពាក្យ​របស់ ស្ថានទូត​អង់គ្លេស ប្រចាំ សហរដ្ឋ​អាម៉េរិក Samuel Heath សរសេរ​លើ Twitter ដូច្នេះ។

បណ្ដាញសារព័ត៌មានរ​ដ្ឋ​អ៊ីរ៉ង់ ក៏បាន​ឱ្យដឹងថា ក្នុងចំណោម​ក្រុមមនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​ក៏មាន​ស្វាមី​របស់ អនុព័ន្ធ​វប្បធម៌​អូទ្រីស ប្រចាំ​នៅ អ៊ីរ៉ង់ និង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ប៉ូឡូញ ផងដែរ។

Leave a Comment