អាចម៍ផ្កាយ​ទំហំ​ប៉ុន​រថយន្ត​កុងតឺន័រ កំពុង​ហោះ​សំដៅ​មក​ជិត​ផែនដី

អាចម៍ផ្កាយ 2022 NF នឹង​ហោះ​កាត់មុខ​ផែនដី​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​តែ ៩០,០០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ នៅវេលា​ម៉ោង ២០ ថ្ងៃទី ៧ កក្កដា ខាងមុខ។

2022 NF គឺជា​អាចម៍ផ្កាយ​ដែល​នឹង​ហោះ​កាត់មុខ​ផែនដី​ក្នុង​គម្លាត​ជិត​ជាង ឬ​ស្មើនឹង​គម្លាត​រវាង​ព្រះ​ចន្ទ និង​ផែនដី។ នេះ​គឺជា​អាចម៍ផ្កាយ​ទី ៦៥ ក្នុងឆ្នាំនេះ និង​ជា​អាចម៍ផ្កាយ​ទី ៣ នៅក្នុង​ខែ​នេះ ដែល​ហោះ​កាត់មុខ​ផែនដី។ 2022 NF ត្រូវបាន​រកឃើញ​ជា​លើកដំបូង​ដោយ​ស្ថានីយ​សង្កេត​ផ្កាយ Pan-STARRS 2 នៅ Haleakala នៃ​រដ្ឋ Hawaii កាលពី​ថ្ងៃទី ៤ កក្កដា។

2022 NF ស្ថិតក្នុង​ក្រុម​អាចម៍ផ្កាយ Apollo និង​មាន​អង្កត់ផ្ចិត​ពី ៥.៥ ទៅ ១២ ម៉ែត្រ ប្រហាក់ប្រហែល​នឹង​សត្វ​ហ្សី​រ៉ា​ហ្វ​ពេញវ័យ​មួយ​ក្បាល ឬ​រថយន្ត​កុងតឺន័រ​មួយគ្រឿង។

គម្រោង​កែវយឹត​និម្មិត (VTP) នឹង​តាមដាន​អាចម៍ផ្កាយ​នេះ​បន្តទៀត។ Gianluca Masi ដែលជា​ស្ថាបនិក​របស់ VTP បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា «ការប្រឈមមុខ​ដាក់គ្នា​ដ៏​ជិត» ដោយមាន​គម្លាត​ពី​ផែនដី​ស្មើនឹង ២៣% ធៀប​នឹង​រយៈ​ចម្ងាយ​ពី​ផែនដី​ទៅកាន់​ឋាន​ព្រះ​ចន្ទ។ ក៏ប៉ុន្តែ តាម​ការ​គណនា 2022 NF នឹងមិន​បង្ក​គ្រោះថ្នាក់​ឡើយ នៅ​ថ្ងៃទី ៧ កក្កដា​ខាងមុខ។

Leave a Comment