រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov លើកកម្ពស់ភាពជាដៃគូសំខាន់របស់ វៀតណាម នៅក្នុងតំបន់ នៅពេលលោកបានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son។
«វៀតណាម គឺជាដៃគូសហការសំខាន់របស់ រុស្ស៊ី នៅក្នុងសមាគមន៍អាស៊ាន» លោក Sergey Lavrov ថ្លែងជាមួយលោក Bui Thanh Son នៅ ទីក្រុងហាណូយ នាថ្ងៃនេះ។
លោក Sergey Lavrov យល់ថា គ្រប់ភាគីនៅលើពិភពលោក «ត្រូវការពារច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ» ក្នុងស្ថានការណ៍ស្មុគស្មាញដែលពិភពលោកកំពុងឆ្លងកាត់។
ដំណើរទស្សនកិច្ចរបស់ លោក Sergey Lavrov នៅ វៀតណាម ចាប់ផ្ដើមពីថ្ងៃទី ៥ ដល់ទី ៦ កក្កដា ក្នុងគ្រាដែល ប្រទេសរុស្ស៊ី និង វៀតណាម ឈានដល់របត់ ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រពេញលេញ។
រុស្ស៊ី និង វៀតណាម បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៥០ និងបានផ្ដើមកែលម្អទំនាក់ទំនងទ្វេភាគីចាប់ពីឆ្នាំ ២០០១។ ១១ ឆ្នាំក្រោយមក ប្រទេសទាំងពីរក៏បានក្លាយជាដៃគូសហការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២០ រវាង រុស្ស៊ី និង វៀតណាម បានឡើងដល់ ៤.៨៥ ពាន់លានដុល្លារអាម៉េរិក កើន ៩% ធៀបនឹងឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០២១ ការដោះដូរទំនិញទៅមក បានឡើងដល់ ៧.១ ពាន់លានដុល្លារ កើនជាង ២៥% ធៀបនឹងឆ្នាំ ២០២០។ នៅក្នុង ទឹកដីវៀតណាម រុស្ស៊ី មានគម្រោងរកស៊ីចំនួន ១៥១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៩៥០ លានដុល្លារអាម៉េរិក។