បន្ទាន់! មាន​ករណី​ផ្ទុះអាវុធ​មួយ​ទៀតហើយ​នៅក្នុង​ទិវា​បុណ្យ​ឯករាជ្យ​របស់ សហរដ្ឋ​អាម៉េរិក

ករណី​ផ្ទុះអាវុធ​ថ្មី​នេះ​កើតឡើង​នៅក្បែរ​ឧទ្យាន Benjamin Franklin ក្នុង​ទីក្រុង Philadelphia កាលពី​ថ្ងៃទី ៤ កក្កដា បណ្ដាលឱ្យ​សមត្ថកិច្ច ២ នាក់ រងរបួស និង​ធ្វើឱ្យ​ហ្វូងមនុស្ស​​ភ័យ​​ស្លន់ស្លោ រត់​យករួចខ្លួន។

មន្ត្រីប៉ូលិស ២ រូប នៅ Philadelphia ត្រូវបាន​គេ​បាញ់​នៅក្បែរ​ឧទ្យាន Benjamin Franklin កាលពី​ព្រលប់​ថ្ងៃទី ៤ កក្កដា (៥ កក្កដា នៅ កម្ពុជា) នៅពេល​មនុស្ស​រាប់ពាន់​នាក់​កំពុង​ប្រមូល​ផ្ដុំគ្នា​ចូលរួម​ពិធី​ប្រគំតន្ត្រី និង​មើល​គេ​បាញ់​កាំជ្រួច​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់ សហរដ្ឋ​អាម៉េរិក។

មនុស្ស​រាប់រយ​នាក់​នាំគ្នា​រត់គេចខ្លួន​ពី​ឧទ្យាន Benjamin Franklin បន្ទាប់ពី​ស្នូរ​គ្រាប់កាំភ្លើង​ដំបូង​បាន​ផ្ទុះឡើង។ ប៉ូលិស​បាន​ណែនាំ​ឱ្យ​ប្រជាជន​រក​កន្លែង​សុវត្ថិភាព។ «ខ្ញុំ​មិន​បានឮ​សំឡេង​គ្រាប់កាំភ្លើង​ទេ ប៉ុន្តែ បានឮ​ប៉ូលិស​ស្រែកថា «រត់ រត់ រត់»» សាក្សី​ម្នាក់​រៀបរាប់​ដូច្នេះ។

អភិបាលក្រុង Philadelphia លោក Jim Kenney បានឱ្យដឹងថា មន្ត្រីប៉ូលិស ២ រូប ដែល​បាន​រងរបួស ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​ពេទ្យ ដោយសារតែ​របួស​មិន​ប៉ះពាល់​ធ្ងន់​ធ្ងន់​ដល់​សុខភាព។

អភិបាលក្រុង Kenney បន្ថែមថា អាជ្ញាធរ​របស់លោក កំពុងតែ «ស្នើសុំ​តំណាងរាស្ត្រ» ទប់ស្កាត់​អាវុធ​ដែល​នាំ​ចូលកាន់​ទីក្រុង។ «ប្រពៃណី​របស់​យើង​មិនគួរ​ត្រូវបាន​បំផ្លាញ​ដោយ​អំពើហិង្សា​នៃ​ការប្រើប្រាស់​កាំភ្លើង​ឡើយ» លោក Kenney ថ្លែង​ដូច្នេះ។

ករណី​បាញ់ប្រហារ​ថ្មី​នេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ករណី​បាញ់ប្រហារ​នៅលើ​ដងផ្លូវ​ក្នុង​តំបន់ Highland Park ជាយក្រុង Chicago នៅពេល​ហ្វូងមនុស្ស​កំពុង​ចូលរួម​ហែ​ក្បួន​ដើម្បី​អបអរ​ទិវា​បុណ្យ​ឯករាជ្យ បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច ៦ នាក់ ត្រូវ​បាត់បង់​ជីវិត និង​ជាង ៣០ នាក់​រងរបួស។

Leave a Comment