រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov គ្រោងនឹងបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃ នៅ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son។
លោក Sergey Lavrov នឹងធ្វើទស្សនកិច្ចនៅ វៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ទី ៦ កក្កដា ក្នុងគ្រាដែល ប្រទេសរុស្ស៊ី និង វៀតណាម ឈានដល់របត់ ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រពេញលេញ។
រុស្ស៊ី និង វៀតណាម បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៥០ និងបានផ្ដើមកែលម្អទំនាក់ទំនងទ្វេភាគីចាប់ពីឆ្នាំ ២០០១។ ១១ ឆ្នាំក្រោយមក ប្រទេសទាំងពីរក៏បានក្លាយជាដៃគូសហការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២០ រវាង រុស្ស៊ី និង វៀតណាម បានឡើងដល់ ៤.៨៥ ពាន់លានដុល្លារអាម៉េរិក កើន ៩% ធៀបនឹងឆ្នាំ ២០១៩។ ក្នុងឆ្នាំ ២០២១ ការដោះដូរទំនិញទៅមក បានឡើងដល់ ៧.១ ពាន់លានដុល្លារ កើនជាង ២៥% ធៀបនឹងឆ្នាំ ២០២០។ នៅក្នុង ទឹកដីវៀតណាម រុស្ស៊ី មានគម្រោងរកស៊ីចំនួន ១៥១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៩៥០ លានដុល្លារអាម៉េរិក។