Skip to content

ករណី​បាញ់ប្រហារ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​អាម៉េរិក ៖ សាក្សី​រៀបរាប់​អំពី​វិនាទី​ដ៏​គួរឱ្យ​តក់ស្លុត

ឮ​សំឡេង​ស្រែក​របស់​ប្រពន្ធ Shawn Cotreau ក៏​ងាកក្រោយ ហើយក៏​បានឃើញ​បុរស​ម្នាក់​ស្លៀកពាក់​ឈុត​ទាហាន​កំពុងតែ​បាញ់រះ​សំដៅ​ហ្វូងមនុស្ស​ដែល​កំពុង​ហែ​ក្បួន​នៅ Highland Park។

Shawn Cotreau អាយុ ៤៧ ឆ្នាំ ដែល​បានរួម​ដំណើរ​ជាមួយ​ភរិយា និង​កូន ៣ នាក់ ទៅកាន់​ទីក្រុង Highland Park ក្នុង​រដ្ឋ Illinois របស់ សហរដ្ឋ​អាម៉េរិក ដើម្បី​ជួប​គ្រួសារ​ខាង​ភរិយា បានឱ្យដឹងថា មនុស្សម្នា​គិតថា មាន​ការបាញ់​កាំជ្រួច​អបអរ​នៅក្បែរ​តំបន់​ប្រារព្ធ​ពិធី​ហែ​ក្បួន​នេះ។

«ភរិយា​របស់ខ្ញុំ​មើលទៅ​លើ និង​ស្រែកខ្លាំងៗ «ក្រោក​ឡើង រត់​ទៅ»។ ខ្ញុំ​ងាកមើល​ក្រោយ ក៏​ឃើញ​ខ្មាន់កាំភ្លើង​ម្នាក់» Cotreau និយាយ​ដូច្នេះ។ គ្រួសារ​របស់លោក​អង្គុយ​ចម្ងាយ​ប្រហែល ៦ ម៉ែត្រ ពី​ខ្មាន់កាំភ្លើង និង​បានឃើញ​ជននេះ​បាញ់ប្រហារ​ពីលើ​ដំបូល​ហាង​លក់​គ្រឿងសំអាង​មួយកន្លែង។

អាជ្ញាធរ Highland Park ប្រកាសថា យ៉ាងហោច​មាន​មនុស្ស ៦ នាក់ បាន​ស្លាប់ និង ៣១ នាក់ រងរបួស​នៅ​ក្នុងករណី​បាញ់ប្រហារ​សំដៅ​ហ្វូងមនុស្ស​ដែល​កំពុង​ហែ​ក្បួន​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​កាលពី​ថ្ងៃទី ៤ កក្កដា។

Cotreau ប្រាប់ថា ជនដៃដល់​ប្រដាប់​ដោយ​កាំភ្លើង​ធុន​ធ្ងន់ ស្លៀកពាក់​ឈុត​ទាហាន និង​បិទ​មុខមាត់។ Cotreau បន្ថែមថា ករណី​បាញ់ប្រហារ​នេះ​កើតឡើង​នៅពេល​ក្បួ​រ​ដង្ហែ​មិនទាន់​ទៅដល់​ទីលាន​ប្រារព្ធ​កម្មវិធី ដូច្នេះ​ជនដៃដល់​ក៏បាន​បាញ់​សំដៅលើ​ហ្វូងមនុស្ស​ដែល​កំពុង​អង្គុយ​រង់ចាំ​នៅ​ចំណុច​ផ្លូវកែង។ Cotreau បីកូន​អាយុ ២ ឆ្នាំ នាំ​គ្រួសារ​រត់គេចខ្លួន ចំណែក​មនុស្សម្នា​ក៏​រត់​ប្រសាច​តាម​ក្រោយ។

គ្រួសារ​របស់ Cotreau បានរ​ត់ទៅ​ពួន​ក្បែរ​ដើមឈើ «ពួកយើង​នៅតែ​ឮ​សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ»។

Diego Rosas ធ្វើការ​នៅក្នុង​ហាង​ទំនិញ​មួយ​នៅក្បែរ​ផ្លូវ​ដែល​ក្បួន​ដង្ហែ​ដើរ​ឆ្លងកាត់ ក៏​បានឮ​សំឡេង​ផ្ទុះ​របស់​កាំភ្លើង​ប្រហែល ៣០ គ្រាប់ ក្នុង​គ្រា​ដែល​ហ្វូងមនុស្ស​រត់​ចូលក្នុង​ហាង។

Lisa Schulkin ជាមួយ​មិត្តភក្ដិ​កំពុងស្ថិត​នៅក្នុង​កន្លែង​ចត​រថយន្ត នៅពេល​ហេតុការណ៍​កំពុង​កើតឡើង។ «ផ្លូវ​ដើរ​ពេញ​ដោយ​មនុស្ស ក្មេងៗស្រែកយំ​ទ្រហឹង» Schulkin រៀបរាប់​ដូច្នេះ ហើយ​ថា នាង​ក៏​ពួន​ក្បែរ​រថយន្ត។

លោកតា Miles Zaremski អាយុ ៧៣ ឆ្នាំ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែងកើតហេតុ ក៏បាន​ប្រាប់ថា ដំបូង​គាត់​ស្មានថា​ជា​សំឡេង​របស់​កាំជ្រួច​ដែល​គេ​បាញ់​អបអរ ៖ «ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​ប្រឡាក់​ឈាម​ពេញ​ខ្លួន។ មនុស្ស​ជាច្រើន​រងរបួស ឬក៏​ស្លាប់»។

លោកតា Zaremski ដែល​បាន​រស់នៅក្នុង​តំបន់ Highland Park អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ប៉ុន្តែ​មិនដែល​បានឃើញ​ហេតុការណ៍​បែបនេះ​ឡើយ។ លោកតា​និយាយថា «គ្រប់កន្លែង​នៅ​ជាយក្រុង​គួរតែមាន​ការព្រមាន។ ហេតុការណ៍​បែបនេះ​អាច​កើតឡើង​គ្រប់កន្លែង»៕

Leave a Reply

Your email address will not be published. Required fields are marked *