Skip to content

បាតុកម្ម​កើតឡើងជា​បន្ត​បន្ទាប់​​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​ករណី​ប៉ូលិស​បាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់

មនុស្ស​រាប់រយ​នាក់​បាន​បន្ត​ចេញ​ធ្វើបាតុកម្ម​ក្នុង​ថ្ងៃទី ៣ កក្កដា នៅ​ទីក្រុង Akron រដ្ឋ Ohio (សហរដ្ឋ​អាម៉េរិក) ក្រោយពី​វីដេអូ​ដែល​ថត​បាន​សកម្មភាព​ប៉ូលិស​បាញ់សម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ត្រូវបាន​គេ​ផ្សព្វផ្សាយ។

បាតុកម្ម​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់ និង​បាន​ឈាន​ចូលដល់​ថ្ងៃទី ៤ ប៉ុន្តែ​ប្រកបដោយ​សណ្ដាប់ធ្នាប់។ ក្រុមបាតុករ​នាំគ្នា​កាន់​បដា​ដែល​ខ្លះ​មាន​សរសេរថា «រក​យុត្តិធម៌​ជូន Jayland»។ Jayland Walker គឺជា​បុរស​វ័យ ២៥ ឆ្នាំ​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី ២៧ មិថុនា ដោយសារតែ​ត្រូវ​ប៉ូលិស​បាញ់​នៅពេល​សមត្ថកិច្ច​ព្យាយាម​បញ្ឈប់រថយន្ត​រប​ស់បុ​រស​នេះ ព្រោះតែ​បាន​បំពាន​ច្បាប់​ចរាចរណ៍។

បាតុកម្ម​បានអូសបន្លាយ​ដល់​យប់ និង​មិនមាន​ករណី​ប្រើ​អំពើហិង្សា​នោះទេ។ ប៉ុន្តែ ដើម្បី​បង្ការ​បញ្ហា​កើតឡើង សមត្ថកិច្ច​បាន​ដំឡើង​របង​នៅក្បែរ​ប៉ូ​ស្ដិ៍​ប៉ូលិស និង​បាន​អំពាវនាវ​ឱ្យ​ប្រជាជនមាន​ការអត់ធ្មត់។

មេ​ប៉ូលិស Steve Mylett បានឱ្យដឹងថា នៅលើ​ដងខ្លួន​របស់ Jayland មាន​ស្នាមរបួស​ជាង ៦០ កន្លែង។ ចំណែក​ប៉ូលិស​ទាំង ៨ រូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ Jayland ក៏ត្រូវ​បាន​ផ្អាក​ពី​ការងារ​រហូតដល់​ការស៊ើបអង្កេត​បានបញ្ចប់។

មុន​នោះ ក្នុង​ថ្ងៃ​ដដែល អាជ្ញាធរ​ក្រុង Akron បាន​បញ្ចេញ​វីដេអូ​ចំនួន ២ បង្ហាញថា ប៉ូលិស​ព្យាយាម​បញ្ឈប់រថយន្ត​របស់ Jayland ប៉ុន្តែ​ជននេះ​បាន​បើកឡាន​គេចខ្លួន។ ប៉ុ​លិ​ស​ឱ្យដឹងថា ស្នូរ​កាំភ្លើង​មួយគ្រា​ប់​បាន​បាញ់​ចេញពី​រថយន្ត​របស់ Jayland ហើយ​បុរស​នេះ​ក៏មាន​សកម្មភាព​ធ្វើឱ្យ​សមត្ថកិច្ច​ជឿថា ជាការ​គំរាមកំហែង​ដល់​ជីវិត​មនុស្ស។ ក្នុង​វីដេអូ គេ​ឃើញ​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ដេញតាម Jayland និង​សុទ្ធតែ​បាន​ផ្ទុះអាវុធ។

កាលពី​ឆ្នាំ ២០២០ សហរដ្ឋ​អាម៉េរិក កើតមាន​បាតុកម្ម​ដែល​អូសបន្លាយ​ពេល​អស់​ជាច្រើន​សប្ដាហ៍ និង​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍ និង​ការប្រើប្រាស់​អំពើហិង្សា​រប​ស់ប៉ុ​លិ​ស ក្រោយពី George Floyd ដែលជា​បុរស​ជនជាតិ​អាម៉េរិក ដើមកំណើត​អាហ្វ្រិក ត្រូវ​ប៉ូលិស​នៅ Minneapolis រដ្ឋ Minnesota ក្រៀក និង​សង្កត់ក​រហូតដល់​ស្លាប់។ បាតុកម្ម​នេះ ក្រោយមក​ក៏បាន​រាលដាល​ដល់​ប្រទេស​មួយចំនួន​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *