Skip to content

ក្រោយពី ប្រទេស​ថៃ «ធ្វើឱ្យ​កញ្ឆា​ស្របច្បាប់» ប្រទេស​ជាច្រើន​ក៏​ធ្វើការ​ព្រមាន​លើ​បញ្ហា​នេះ

ក្រោយពី អាជ្ញាធរ​ថៃ សម្រេចចិត្ត​ដក​កញ្ឆា និង​ដើម​កញ្ឆា​ចេញពី​បញ្ជី​គ្រឿងញៀន​ដែល​ត្រូវ​ហាមឃាត់ ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ក៏បាន​បញ្ចេញ​ប្រតិកម្ម​នឹង​បញ្ហា​នេះ។

យោងតាម Straits Times ប្រទេស​ជាច្រើន​បាន​ព្រមាន​ដល់​ទេសចរ​ថា ការរក្សា​ទុក ឬ​ការប្រើប្រាស់​កញ្ឆា នៅតែ​ជា​អំពើ​ខុសច្បាប់​នៅក្នុង​ប្រទេស​ស្ទើរតែ​ទាំងអស់​ក្នុង​ពិភពលោក។

ស្ថានទូត​ថៃ ប្រចាំ​នៅ ប្រទេស​ឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង និង ជប៉ុន បាន​ណែនាំ ពលរដ្ឋ​ថៃ កុំឱ្យ​នាំយក​កញ្ឆា ឬ​ផលិតផល​ដែល​ទាក់ទង​នឹង​កញ្ឆា ចូលទៅ​កាន់​ប្រទេស​ទាំងនេះ។ បើសិន​ជាមាន​ចេតនា ពួកគេ​នឹង​អាច​ប្រឈម​នឹង​ការកាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ឬ​ទោស​ប្រហារជីវិត នៅពេល​ត្រូវបាន​ចាប់ខ្លួន។

ចំណែក សិង្ហ​បុរី និង ប្រទេស​ចិន ក៏បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋរ​បស់​ខ្លួន​នៅ​បរទេស កុំឱ្យ​ប្រើប្រាស់​កញ្ឆា ទោះជា​ក្រោមរូបភាព​ណាក៏ដោយ។ នៅ សិង្ហ​បុរី អ្នក​ដែល​មានទោស​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​អាច​ត្រូវ​ជាប់ពន្ធនាគារ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ឡើងដល់ ២០,០០០ ដុល្លារ​សិង្ហ​បុរី។

ឆ្លើយតប​នឹង The Straits Times អំពី​ការដែល អាជ្ញាធរ​ថៃ ធ្វើឱ្យ​កញ្ឆា​ក្លាយជា​ថ្នាំជក់​ស្របច្បាប់ អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​សិង្ហ​បុរី (CNB) បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសមួយ​ចំនួន​បាន​កែប្រែ​ច្បាប់ ធ្វើឱ្យ​គ្រឿងញៀន «មាន​សេរីភាព​ជាង​មុន»។ ប៉ុន្តែ CNB ច្រានចោល​ការដែល​យល់​ឃើញថា កញ្ឆា​គឺជា «ថ្នាំ​ទន់» មាន​ផលប្រយោជន៍​ផ្នែក​សុខាភិបាល និង​មិនសូវ​ធ្វើឱ្យ​ញៀន ឬ​មិនសូវ​គ្រោះថ្នាក់​ធៀប​នឹង «ថ្នាំ​រឹង»។

CNB បានលើកឡើង​នូវ​ភ័ស្តុ​តា​ផ្នែក​វិទ្យាសាស្ត្រ ក្នុងនោះ​មាន​ទាំង​របាយការណ៍​របស់ គណៈកម្មការ​គ្រប់គ្រង​គ្រឿងញៀន​អន្តរជាតិ បង្ហាញថា កញ្ឆា​គឺជា​គ្រឿងញៀន និង​មាន​គ្រោះថ្នាក់។ បើសិនជា​ប្រើប្រាស់​កញ្ឆា​ក្នុង​រយៈពេល​យូរ អ្នកប្រើប្រាស់​នឹងមាន​ហានិភ័យ​កើតមាន​រោគសញ្ញា​ផ្លូវចិត្ត និង​ជំងឺ​វិកលចរិត៕

Leave a Reply

Your email address will not be published. Required fields are marked *