នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាល់បានីស ទើបតែបានធ្វើទស្សនកិច្ចភ្លាមៗទៅកាន់ ប្រទេសអ៊ុយក្រែន និងបានពិភាក្សាជាមួយ ប្រធានាធិបតី ហ្សេឡែនស្គី ក្នុងនោះ លោកបានសន្យាថា នឹងផ្ដល់ជំនួយបន្ថែមប្រមាណ ១០០ លានដុល្លារអូស្ត្រាលី (ប្រហែល ៦៨ លានដុល្លារអាម៉េរិក) ដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដោយរួមមានទាំងអាវុធផងដែរ។
កាលពីព្រលប់ថ្ងៃទី ៣ កក្កដា (ម៉ោងនៅ អូស្ត្រាលី) នាយករដ្ឋមន្ត្រី អាន់ថូនី អាល់បានីស (Anthony Albanese) បានបំពេញទស្សនកិច្ចភ្លាមៗទៅកាន់ អ៊ុយក្រែន និងមានជំនួបរយៈពេល ២ ម៉ោង ជាមួយ ប្រធានាធិបតី ហ្សេឡែនស្គី នៅ រដ្ឋធានីកៀវ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានធ្វើទស្សនកិច្ចទៅកាន់តំបន់ក្បែរខាងដែលបានរងការខូចខាតដោយសារសង្គ្រាម។
ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក អាល់បានីស បានសន្យាថា អូស្ត្រាលី នឹងជួយដល់ការស្ដារប្រទេសអ៊ុយក្រែន ឡើងវិញ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប៉ុន្តែ ដើម្បីទប់ទល់នឹងស្ថានការណ៍បច្ចុប្បន្ន អូស្ត្រាលី នឹងផ្ដល់ជំនួយយោធាតម្លៃជិត ១០០ លានដុល្លារអូស្ត្រាលី ដល់ប្រទេសនេះ។
ក្នុងសេចក្ដីប្រកាសមួយដែលត្រូវបានលើកឡើងនាព្រឹកនេះ នាយករដ្ឋមន្ត្រី អាល់បានីស បានអះអាងថា ដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានីកៀវ របស់លោក គឺដើម្បីបញ្ជាក់យ៉ាងច្បាស់ថា អូស្ត្រាលី នឹងប្រកៀកស្មាជាមួយ ប្រជាជនអ៊ុយក្រែន។
លោក អាល់បានីស ជឿជាក់ថា ផ្លូវដើរនៅខាងមុខនៅតែមានការលំបាកច្រើន ប៉ុន្តែ អ៊ុយក្រែន នឹងមានប្រៀបជាង រុស្ស៊ី។
កញ្ចប់ជំនួយថ្មីរបស់ អូស្ត្រាលី រួមមាន រថពាសដែក Bushmaster ចំនួន ២០ គ្រឿង, រថពាសដែកដឹកទាហាន M113 ចំនួន ១៤ គ្រឿង, ឧបករណ៍យោធាជាច្រើនទៀតដូចជា យន្តហោះគ្មានមនុស្សបើក រួមនឹងជំនួយតាមរយៈ NATO ជាដើម។
ជាងនេះ អូស្ត្រាលី ក៏បានសន្យាផ្ដល់ជំនួយជិត ៩ លានដុល្លារអូស្ត្រាលី ដើម្បីជួយបង្កើនសមត្ថភាពរបស់កងទ័ពការពារព្រំដែនរបស់ អ៊ុយក្រែន ព្រមទាំងមិនយកពន្ធចំពោះទំនិញដែលនាំចូលពីប្រទេសនេះផងដែរ។
កញ្ចប់ជំនួយថ្មីបំផុតនេះ បានរួមចំណែកធ្វើឱ្យខ្ទង់ជំនួយយោធារបស់ អូស្ត្រាលី សម្រាប់ អ៊ុយក្រែន ឡើងដល់ជិត ៣៩០ លានដុល្លារអូស្ត្រាលី (២៦៥,០០០,០០០ ដុល្លារអាម៉េរិក)។ ក្រៅពីនេះ អូស្ត្រាលី ក៏បានផ្ដល់ជំនួយមនុស្សធម៌ជាច្រើនដល់ អ៊ុយក្រែន ផងដែរ៕