Skip to content

ពិធីសារ​ចូល​ជា​សមាជិក​ណា​តូ របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹង​ត្រូវបាន​ចុះហត្ថលេខា​នៅ​ដើមខែ​នេះ

កាលពី​ថ្ងៃទី ៣០ មិថុនា អគ្គលេខាធិការ​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) បានប្រកាសថា ពិធីសារ​ចូល​ជា​សមាជិក​សម្ព័ន្ធមិត្ត​យោធា​ណា​តូ របស់ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹង​ត្រូវបាន​ចុះហត្ថលេខា​នៅ​សប្ដាហ៍​ក្រោយ។

លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ ឱ្យដឹងថា សេចក្ដីសម្រេច​ផ្លូវការ​ស្ដីពី​ការអញ្ជើញ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ ណា​តូ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ សម្ព័ន្ធមិត្ត​យោធា​នេះ​កាលពី​ថ្ងៃទី ៣០ មិថុនា។

ណា​តូ នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ចូល​ជា​សមាជិក​របស់​ប្រទេស​ទាំងពីរ​នៅក្នុង​ថ្ងៃទី ៥ កក្កដា ដោយមាន​វត្តមាន​រប​ស់ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ ប្រទេស​ហ្វាំ​ង​ឡង់ និង ប្រទេស​ស៊ុយអែត។

លោក Jens Stoltenberg ក៏បាន​បន្ថែមថា សន្និបាត​កំពូល​របស់ ណា​តូ លើក​នេះ បានអនុម័ត​លើ «និយមន័យ​នៃ​យុទ្ធសាស្ត្រ​ថ្មី» ហើយ​បណ្ដា​សមាជិក​របស់ ណា​តូ ក៏មាន​ផែនការ​គាំទ្រ និង​ការពារ​ចំពោះ​ការដឹកជញ្ជូន​ធញ្ញជាតិ​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន តាមផ្លូវ​គោក និង​ផ្លូវទឹក​ផងដែរ។

អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ ឱ្យដឹងថា លោក​សង្ឃឹមថា កងទ័ព​រុស្ស៊ី នឹង​ដកថយ​ពី អ៊ុយ​ក្រែ​ន កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​បញ្ចប់សង្គ្រាម ហើយ​ថា ណា​តូ បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ទប់ទល់​នឹង​សកម្មភាព​ទាំងឡាយណា​ដែល​អាច​ត្រូវបាន រុស្ស៊ី ធ្វើឡើង​នាពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *