រ៉ុក្កែតមួយគ្រាប់ដែលអ្នកវិទ្យាសាស្ត្រមិនដឹងប្រភពច្បាប់ បានហោះមកបុកដីព្រះចន្ទ បន្សល់ទុករណ្ដៅភ្លោះខុសធម្មតា។
យានអវកាសហោះលើគន្លងគោចរឋានព្រះចន្ទ Lunar Reconnaissance Orbiter របស់ ណាសា ថ្មីៗនេះបានប្រទះឃើញរ៉ុក្កែតមិនស្គាល់អត្តសញ្ញាណមួយ បានបុកលើឋានព្រះចន្ទ និងបន្សល់ទុករណ្ដៅភ្លោះដ៏ចម្លែកមួយ។
ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក រកឃើញថា ដងខ្លួនរបស់រ៉ុក្កែត បានហោះសំដៅមកឋានព្រះចន្ទកាលពីចុងឆ្នាំកន្លង ហើយចុងក្រោយក៏បានប៉ះទង្គិចលើដីនៅលើឋាននេះកាលពីថ្ងៃទី ៤ មីនា បង្កើតបានជារណ្ដៅភ្លោះខុសប្រក្រតី។
យោងតាមការប្រកាសកាលពីថ្ងៃទី ២៩ មិថុនា របស់ ណាសា រណ្ដៅភ្លោះនេះបង្ហាញថា ដងខ្លួនរបស់រ៉ុក្កែត «មានទំហំធំនៅត្រង់ក្បាលទាំងសងខាង»។ វារួមមាន រណ្ដៅមួយនៅទិសខាងកើតដែលមានអង្កត់ផ្ចិតប្រហែល ១៨ ម៉ែត្រ ស្ថិតនៅត្រង់កំពូលនៃរណ្ដៅមួយទៀតនៅទិសខាងលិចដែលមានអង្កត់ផ្ចិតប្រហែល ១៦ ម៉ែត្រ។
រណ្ដៅនេះមានសភាពខុសធម្មតា ព្រោះថា កន្លងមកពុំមានករណីប៉ះទង្គិចណាមួយរបស់ដងខ្លួនរ៉ុក្កែតទៅលើដីព្រះចន្ទដែលបង្កើតបានជារណ្ដៅភ្លោះដូច្នេះឡើយ។ រណ្ដៅចំនួន ៤ របស់ Apollo SIV-B ធំជាងធៀបនឹងករណីប៉ះទង្គិចថ្មីៗនេះ។
ក្នុងប្រកាសខាងលើ ណាសា មិនបាននិយាយអំពីប្រភេទរ៉ុក្កែតដែលពួកគេបានរកឃើញទេ ប៉ុន្តែ កាលពីខែកុម្ភៈកន្លងទៅ អ្នកវិទ្យាសាស្ត្រជនជាតិអាម៉េរិក Bill Gray ធ្លាប់បានអះអាងថា នោះគឺជាកំណាត់របស់រ៉ុក្កែតដែលបានចូលរួមបេសកកម្មព្រះចន្ទ Chang’e 5-T1 របស់ ប្រទេសចិន ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ២០១៤៕