ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានថ្លែងថា បារាំង នឹងផ្គត់ផ្គង់កាំភ្លើងធំចល័ត CAESAR ចំនួន ៦ គ្រឿងនិងរថពាសដែកជាច្រើនគ្រឿងទៀតទៅឱ្យ អ៊ុយក្រែន ដើម្បីទប់ទល់នឹង រុស្ស៊ី។
«នៅ ណាតូ យើងបានឯកភាពគ្នាដូចទៅនឹងអ្វីដែលបានធ្វើឡើងនៅក្នុង ក្រុមប្រឹក្សាអឺរ៉ុប (EC) និង G៧ នោះគឺការជំរុញការផ្ដល់ជំនួយផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងយោធា ទៅឱ្យ អ៊ុយក្រែន» ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារនៅលើ Twitter កាលពីម្សិលមិញ (៣០ មិថុនា) ដូច្នេះ។ «បារាំង នឹងប្រញាប់ផ្គត់ផ្គង់អាវុធដែល អ៊ុយក្រែន ត្រូវការដើម្បីការពារខ្លួន ក្នុងនោះមានកាំភ្លើងធំចល័ត CAESAR ចំនួន ៦ គ្រឿង និងរថពាសដែកជាច្រើនគ្រឿងបន្ថែមទៀត»។
បារាំង បានប្រគល់កាំភ្លើងធំចល័ត CAESAR ចំនួន ១២ គ្រឿងទៅឱ្យ អ៊ុយក្រែន រួចហើយ។ កាំភ្លើងធំដែលអាចបាញ់បានរយៈចម្ងាយពី ៤.៥ ដល់ ៤២ គីឡូម៉ែត្រ និងត្រូវបានបំពាក់ប្រព័ន្ធបញ្ចូលគ្រាប់ពាក់កណ្ដាលស្វ័យប្រវត្តនេះ ត្រូវបាន បារាំងបានអភិវឌ្ឍចាប់តាំងពីឆ្នាំ ១៩៩០ និងដាក់ឱ្យប្រើប្រាស់ក្នុងជួរកងទ័ពចាប់តាំងពីឆ្នាំ ២០០៨។
កងកម្លាំងរុស្ស៊ី បានកម្ទេច CAESAR យ៉ាងតិច ១ គ្រឿង នៅពេលវាយប្រហារលើអង្គភាពកាំភ្លើងធំរបស់ អ៊ុយក្រែន នៅលើកោះ Kubansky។ ក្រុមអ្នកនយោបាយរុស្ស៊ី ឱ្យដឹងថា រុស្ស៊ី វាយយកបានកាំភ្លើងធំ CAESAR ដែល បារាំង បញ្ជូនមកឱ្យ អ៊ុយក្រែន ចំនួន ២ គ្រឿង និងបានរិះគន់ថា ទាហានអ៊ុយក្រែន «ដកថយលឿនដល់ថ្នាក់មិនមានពេលកម្ទេចពួកវា (កាំភ្លើងធំ)»។
តំណាងរោងចក្រ Uralvagonzavod (UVZ) របស់ រុស្ស៊ី បានចំអកថា រុស្ស៊ី អរគុណដល់ ប្រធានាធិបតី ម៉ាក្រុង «ដែលបានផ្ញើកាំភ្លើងធំចល័ត» មកឱ្យពួកគេ និងយល់ថា CAESAR «គ្មានអ្វីពិសេសដូច MSTA-S របស់ រុស្ស៊ី» ប៉ុន្តែថា «វានៅតែមានប្រយោជន៍» និងស្នើឱ្យ បារាំង «បញ្ជូនមកបន្ថែមទៀត»៕