សហរដ្ឋអាម៉េរិក នឹងប្រកាសលម្អិតអំពីកញ្ចប់ជំនួយថ្មីដែលមានតម្លៃ ៨០០ លានដុល្លារ សម្រាប់ អ៊ុយក្រែន នៅក្នុងប៉ុន្មានថ្ងៃខាងមុខ ក្នុងនោះ រួមមានទាំងប្រព័ន្ធការពារដែនអាកាសផងដែរ នេះបើតាម ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ដែលបានថ្លែងនៅក្នុងសន្និបាតកំពូលរបស់ ណាតូ នៅ រាជធានីម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។
យោងតាម នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal ទីក្រុងកៀវ បានទទួលជំនួយជាហិរញ្ញវត្ថុ និងយោធា ១២ ពាន់លានដុល្លារអាម៉េរិក រាប់ចាប់តាំងពី រុស្ស៊ី ចាប់ផ្ដើមចូលឈ្លានពានប្រទេសនេះកាលពីខែកុម្ភៈ ២០២២។
ប្រកាសអំពីកញ្ចប់ជំនួយថ្មីរបស់ ប្រធានាធិបតី បៃដិន ត្រូវបានលើកឡើងបន្ទាប់ពី ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan បញ្ជាក់ថា ទីក្រុងវ៉ាស៊ីងតោន កំពុងបង្ហើយកិច្ចព្រមព្រៀង ក្នុងនោះក៏មានការផ្គត់ផ្គង់ «បណ្ដាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងមធ្យមទំនើបបំផុត ទៅឱ្យ អ៊ុយក្រែន រួមទាំងសព្វាវុធចាំបាច់ដទៃទៀត ដូចជា គ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ាដាជាដើម»។
នៅក្នុងកិច្ចប្រជុំកំពូលរបស់ ណាតូ នៅ ម៉ាឌ្រីដ ប្រធានាធិបតីអាម៉េរិក ក៏បានអះអាងថា រុស្ស៊ី គឺជាមូលហេតុចម្បងដែលបាននាំឱ្យប្រេងឡើងថ្លៃខ្ពស់។
លោក បៃដិន ថ្លែងថា រដ្ឋាភិបាលអាម៉េរិក នឹងជំរុញផែនការផ្ដល់ជំនួយផ្នែកពន្ធដារ និងកំណត់តម្លៃពិតានចំពោះប្រេងឧស្ម័នរបស់ រុស្ស៊ី ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ដែលប្រជាជនអាម៉េរិក កំពុងជួបប្រទះ៕