យ៉ាងហោចណាស់មានមនុស្សចំនួន ៧ នាក់ ត្រូវបានគេបញ្ជាក់ថា បានបាត់បង់ជីវិត និង ៥៥ នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍រអិលបាក់ដីយ៉ាងធ្ងន់ធ្ងរមួយនៅក្នុងរដ្ឋ Manipur ភាគឦសានប្រទេសឥណ្ឌា។
ក្រុមមន្ត្រីមូលដ្ឋានបានឱ្យដឹងថា ករណីរអិលបាក់ដីនេះកើតឡើងនៅក្នុងការដ្ឋានសាងសង់ផ្លូវរថភ្លើងមួយកាលពីវេលាទៀបភ្លឺ ថ្ងៃទី ៣០ មិថុនា។ បើទោះជាមានភ្លៀងធ្លាក់ខ្លាំង កងកម្លាំងជួយសង្គ្រោះក៏បានជួយសង្គ្រោះ និងនាំយកមនុស្សចំនួន ១៩ នាក់ដែលនៅមានជីវិត ចេញពីគំនរបំណាក់ដី។
តំណាងប៉ូលិសស្រុក Noney ក្នុងរដ្ឋ Manipur បានឱ្យដឹងថា មនុស្សចំនួន ៨១ នាក់ ធ្វើការនៅកន្លែងកើតហេតុនៅពេលមានហេតុការណ៍រអិលបាក់ដី។ ក្ដីសង្ឃឹមក្នុងឱកាសស្វែងរកជនរងគ្រោះទាំង ៥៥ នាក់ដែលកំពុងបាត់ខ្លួន គឺនៅមានតិចតួចណាស់។
កងទ័ពឥណ្ឌា បានប្រកាសថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយដល់ការស្វែងរក និងសង្គ្រោះ។
ក្នុងខែមិថុនានេះ រដ្ឋជាច្រើននៅភាគឦសានរបស់ ប្រទេសឥណ្ឌា និងប្រទេសជិតខាង បង់ក្លាដែស បានរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានពីមុនមក និងបានបណ្ដាលឱ្យមានមនុស្សស្លាប់ជាង ១៥០ នាក់។ ក្រៅពីនេះក៏មានមនុស្សរាប់លាននាក់ត្រូវភៀសខ្លួនពីតំបន់ទឹកលិច ទៅរកទីសុវត្ថិភាព នៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ផ្ទះសំបែងជាច្រើនខ្នងនៅក្នុងតំបន់ខាងលើ ត្រូវលិចក្នុងទឹកជំនន់៕