Skip to content

តៃវ៉ាន់ ធ្វើ​សមយុទ្ធ​លើ​កោះ Taiping! វៀតណាម ស្រែកថា រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី

ប៉ូលិស​ការពារ​ដែនសមុទ្រ​តៃវ៉ាន់ បង្កើត​តំបន់ហាមឃាត់​ទូក កប៉ាល់ និង​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅលើ​កោះ Taiping ក្នុង​ប្រជុំ​កោះ Spratly លើ សមុទ្រ​ចិន​ខាងត្បូង ធ្វើឱ្យ វៀតណាម «ស្រែក» ថា ខុសច្បាប់ និង​រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី​របស់​ពួកគេ។

អាជ្ញាធរ​ការពារ​ដែន​សមុទ្រ​របស់ តៃវ៉ាន់ បានប្រកាស​ធ្វើ​សមយុទ្ធ​ចាប់ពី​ថ្ងៃទី ២៨ ដល់ ២៩ មិថុនា ដោយមាន​វិញ្ញាសា​បាញ់​គ្រាប់​ពិត​សំដៅលើ​គោលដៅ​ក្នុង​ដែនអាកាស និង​នៅលើ​ដែនទឹក។ យន្តហោះ និង​ទូក កប៉ាល់ ត្រូវបាន​ស្នើឱ្យ​គេច​ពី​តំបន់​នេះ​នៅក្នុងពេល​កំពុង​ធ្វើ​សមយុទ្ធ។

សមយុទ្ធ​របស់ តៃវ៉ាន់ នេះ ធ្វើឱ្យ អាជ្ញាធរ​វៀតណាម «កើតទុក្ខ​មិន​សុខចិត្ត» និង​ប្រកាសថា នេះ​ជា​សម្មភាព​ខុសច្បាប់។ អាជ្ញាធរ​វៀតណាម កន្លងមក​ធ្លាប់​បានស្នើ​ជាច្រើនលើក ឱ្យ តៃវ៉ាន់ បញ្ឈប់​សកម្មភាព​សម​យុទ្ធ​នៅលើ​កោះ Taiping ដែល វៀតណាម ហៅថា កោះ Ba Binh និង​ដែនទឹក​នៅ​ជុំវិញ ដោយ​ចាត់ទុកថា ជាការ​រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី​របស់​ពួកគេ គំរាម​កំ​ហែក​សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ​ដែនទឹក បង្ក​ភាព​តានតឹង និង​ស្មុគស្មាញ​បន្ថែមទៀត​នៅលើ សមុទ្រ​ចិន​ខាងត្បូង។

កោះ Taiping គឺ​កោះ​ដែលមាន​ផ្ទៃក្រឡា​ធម្មជាតិ​ធំជាងគេ​បង្អស់​នៅក្នុង​ប្រជុំ​កោះ Spratly ដែល វៀតណាម ប្រកាសថា​ជា​កម្មសិទ្ធិ​របស់ខ្លួន។ វៀតណាម អះអាងថា ពួកគេ​មាន​មូលដ្ឋាន​ច្បាប់ និង​ភ័ស្ដុតាង​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់​ដែល​បញ្ជាក់បាន​ថា ប្រជុំ​កោះ Spratly និង ប្រជុំ​កោះ Paracel នៅ សមុទ្រ​ចិន​ខាងត្បូង គឺជា​ទឹកដី​របស់​ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *