ស៊ីរី បានប្រកាសទទួលស្គាល់ឯករាជ្យរបស់តំបន់ចំនួនពីរនៅ ភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន នាំឱ្យ ទីក្រុងកៀវ ប្រកាសកាត់ផ្ដាច់រាល់ទំនាក់ទំនងជាមួយនឹង ទីក្រុងដាម៉ាស។
«សាធារណរដ្ឋអារ៉ាប់ស៊ីរី សម្រេចចិត្តទទួលស្គាល់ឯករាជ្យ និងអធិបតេយ្យភាពរបស់ សាធារណរដ្ឋប្រជាមានិត Lugansk (Luhansk) និង សាធារណរដ្ឋប្រជាមានិត Donetsk។ យើងនឹងទាក់ទងទៅកាន់ប្រទេសទាំងពីរដើម្បីឯកភាពគ្នាក្នុងក្របខ័ណ្ឌនៃការបង្កើនទំនាក់ទំនង រួមទាំងការបង្កើតទំនាក់ទំនងការទូតដែលសមស្របជាមួយនឹងការកំណត់ដែលមានស្រាប់» ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដកស្រង់ប្រភពព័ត៌មានពី ក្រសួងការបរទេសនៃប្រទេសនេះ ឱ្យដឹងដូច្នេះកាលពីថ្ងៃទី ២៩ មិថុនា។
ស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់ រុស្ស៊ី បានក្លាយជាប្រទេសទីពីរក្នុងពិភពលោកដែលបានទទួលស្គាល់ឯករាជ្យនៃតំបន់ផ្ដាច់ខ្លួន Lugansk និង Donetsk ក្នុងតំបន់ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន។
ភ្លាមៗក្រោយការប្រកាសរបស់ ទីក្រុងដាម៉ាស អាជ្ញាធរអ៊ុយក្រែន ក៏បានរិះគន់យ៉ាងខ្លាំងក្លាទៅលើការសម្រេចចិត្តនេះ។ «យើងនឹងកាត់ផ្ដាច់រាល់ទំនាក់ទំនងជាមួយ ស៊ីរី» ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី សរសេរលើ Telegram ដូច្នេះ និងបានព្រមានថា នឹងដាក់ទណ្ឌកម្មលើ ស៊ីរី ឱ្យធ្ងន់ជាងបច្ចុប្បន្ន និងបានហៅទង្វើរបស់ ទីក្រុងដាម៉ាស ថា ជារឿង «គ្មានតម្លៃ»។
នេះមិនមែនជាលើកទីមួយឡើយដែល ប្រទេសស៊ីរី ទទួលស្គាល់បណ្ដាតំបន់ផ្ដាច់ខ្លួនដែលមាន រុស្ស៊ី នៅពីក្រោយ។ កាលពីឆ្នាំ ២០១៨ ស៊ីរី ក៏បានទទួលស្គាល់ អូសេទីខាងត្បូង (South Ossetia) និង អាបខាហ្ស៊ី ដែលបានប្រកាសឯករាជ្យពី ប្រទេសហ្សកហ្ស៊ី (Georgia/Gruzia) ធ្វើឱ្យ ទីក្រុងប៊ីលីស៊ី ប្រកាសកាត់ផ្ដាច់ទំនាក់ទំនងជាមួយ ដាម៉ាស៕