Skip to content

ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ឥណ្ឌា ឯករាជ្យ​ពី តា​លី​បង់ និង​នៅតែ​ដំណើរការ​ធម្មតា

ក្រោយពី ក្រុម​តា​លី​បង់ បាន​ផ្ដួលរំលំ​របប​របស់ ប្រធានាធិបតី Ghani ឯកអគ្គរដ្ឋទូត​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ឥណ្ឌា នៅតែ​គាំទ្រ​របប​ចាស់ និង​នៅតែ​ធ្វើ​សកម្មភាព​ជាធម្មតា ដូចជា​ការផ្ដល់​ទិដ្ឋាការ និង​លិខិតឆ្លងដែន​ជាដើម។

របប​តា​លី​បង់ នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ព្យាយាម​គ្រប់គ្រង​ស្ថាប័ន​នានា​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​បរទេស ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​មួយចំនួនធំ។ ស្ទើរតែ​ទាំង​អស់នៃ​ស្ថាប័ន​ការទូត​ចំនួន ៧០ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​បរទេស នៅតែ​ដំណើរការ​ដោយ​ឯករាជ្យ​ពី​របប​អ៊ីស្លាម​ប្រកាន់​តឹង តា​លី​បង់។ របប​តា​លី​បង់ បច្ចុប្បន្ន​មិនត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់ ខណៈដែល​ភាគច្រើន​នៃ​ស្ថាប័ន​ការទូត​របស់ អា​ហ្វ​ហ្កា​នី​ស្ថាន នៅ​បរទេស មិន​ទទួល​ថវិកា​ផ្ទា​ល់ពី ទីក្រុង​កា​ប៊ុល។

ស្ថានទូត​នៅតែមាន​ស្វាមីភក្ដិ​ចំពោះ​របប​ចាស់

ភ្ញៀវ​ដែល​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​ស្ថានទូត​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ទីក្រុង​ញូវដែលី របស់ ឥណ្ឌា ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​រូបថត​នៃ​អតីត​ប្រធានាធិបតី Ashraf Ghani នៅពេល​ពួកគេ​បាន​ឈាន​ជើង​ចូលដល់​អគារ​នេះ។ លោក Ashraf​ Ghani បាន​ភៀសខ្លួន​ពី អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ខែសីហា ២០២១ នៅពេល តា​លី​បង់ កំពុង​ឡោមព័ទ្ធ រដ្ឋធានី​កា​ប៊ុល មុនពេល​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោកខាងលិច​របស់លោក បាន​ដួលរលំ។

រូបថត​របស់ អតីត​ប្រធានាធិបតី Ashraf​ Ghani ក៏ត្រូវ​បាន​ព្យួរ​នៅលើ​ជញ្ជាំង​នៃ​ការិយាល័យ​របស់ ឯកអគ្គរដ្ឋទូត Farid Mamundzay ដែល​បច្ចុប្បន្ន​នៅតែមាន​ទង់ ៣ ពណ៌ គឺ ខ្មៅ ក្រហម និង​ខៀវ ដែលជា​ទង់​របស់ សាធារណរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន មុន​នោះ។

លោក Mamundzay ថ្លែងថា «យើង​កម្រ​នឹងមាន​ការចាត់ចែង​ជាមួយ តា​លី​បង់»។ បុគ្គលិក​របស់​មន្ត្រីការទូត​រូបនេះ នៅតែ​បន្ត​ផ្ដល់​ទិដ្ឋាកា និង​លិខិតឆ្លងដែន​ក្នុងនាម​ជា សាធារណរដ្ឋ​អ៊ីស្លាម​អា​ហ្វ​ហ្គា​នី​ស្ថាន ដដែល។

ក្នុងអំឡុងពេល ១០ ខែ រាប់​ចាប់តាំងពី តា​លី​បង់ ដណ្ដើមបាន​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន របប​នេះ​បាន​បញ្ជូន​រដ្ឋទូត​ទៅកាន់​ប្រទេស​ចំនួន​តែ ៤ គត់ គឺ រុស្ស៊ី ប៉ា​គី​ស្ថាន ចិន និង តួ​ក​ម៉េ​នី​ស្ថាន។ ក៏ប៉ុន្តែ សូម្បីតែ​ប្រទេស​ទាំង ៤ នេះ ក៏​មិនទាន់​ទទួលស្គាល់​ស្ថាប័ន​ការបរទេស​ថ្មី​របស់ តា​លី​បង់ នៅឡើយ។

រដ្ឋាភិបាល​ឥណ្ឌា បានអនុញ្ញាត​ឱ្យ ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ញូវដែលី ធ្វើ​សកម្មភាព​ក្នុងនាម​ជា​អ្នកតំណាង​រដ្ឋាភិបាល​ចាស់​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដូច​ទៅនឹង​អ្វីដែល ឥណ្ឌា បានធ្វើ​នៅពេល តា​លី​បង់ បាន​ឡើងកាន់​អំណាច​ក្នុងអំឡុង​ពី​ឆ្នាំ ១៩៩៦ ដល់ ២០០១ នៅពេល​ស្ថានទូត​នេះ​តំណាងឱ្យ​រដ្ឋាភិបាល​ចាស់​របស់ អតីត​ប្រធានាធិបតី Burhanuddin Rabbani។

បើទោះជា តា​លី​បង់ ចង់​គ្រប់គ្រង​ស្ថាប័ន​ការទូត​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ពួកគេ​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដូច្នេះ។ សេដ្ឋកិច្ច​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដាំ​ក្បាល​ចុះ «យ៉ាង​រលូន» រាប់​ចាប់តាំងពី តា​លី​បង់ ដណ្ដើមបាន​អំណាច។

ជំនួយ​ពី​បរទេស​បាន​ឈានដល់​របត់ «ខ្សោះ» ខណៈដែល​ទ្រព្យ​របស់​ប្រទេស​នេះ​នៅ​បរទេស​ក៏ត្រូវ​បាន​បង្កក ចំណែក​សហគមន៍​អន្តរជាតិ​ព្យាយាម​ភ្ជាប់​ជំនួយ​ហិរញ្ញវត្ថុ​របស់​ពួកគេ​ទៅនឹង​ការ​ប្រសើរឡើង​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការប្រព្រឹត្ត​របស់ តា​លី​បង់ ចំពោះ​ស្ត្រី។

បញ្ហា​តែមួយគត់​ដែល​ស្ថានទូត​នានា​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​សហការ​ជាមួយ តា​លី​បង់ នោះ​គឺ​ជំនួយ​មនុស្សធម៌

ឯកអគ្គរដ្ឋទូត Mamundzay ឱ្យដឹងថា «ឥណ្ឌា បានផ្ដល់​ជំនួយ​ដល់ ទីក្រុង​កា​ប៊ុល បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដីកា​លពី​ប៉ុន្មាន​ថ្ងៃមុន។ យើង​ត្រូវបាន​ស្នើឱ្យ​សហការ​ជាមួយ ក្រសួងការបរទេស​នៅ កា​ប៊ុល»។

លក្ខខណ្ឌ​ដែល​ស្ថានទូត​នានា​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន អាច​ទទួលយក​ការគ្រប់គ្រង​របស់ តា​លី​បង់

មន្ត្រីការទូត Mamundzay ប្រកាសថា ស្ថានទូត​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ឥណ្ឌា និង​ស្ទើរតែ​ទាំងអស់​នៃ​ស្ថាប័ន​នេះ​នៅតាម​បណ្ដា​ប្រទេស បាន​អះអាងថា នឹង​អាច​ទទួលយក​ការគ្រប់គ្រង​របស់ របប​តា​លី​បង់ ដោយមាន​លក្ខខណ្ឌ ៖ «ដំបូង តា​លី​បង់ ត្រូវបង្កើត​រដ្ឋាភិបាល​ប្រជាជាតិ​ដែលមាន​លក្ខណៈ​រួបរួម សម្បូរបែប និង​ប្រគល់​សិទ្ធិ​មូលដ្ឋាន​នានា​ដល់​ស្ត្រី។

ពេល​ដណ្ដើមបាន​អំណាច​ភ្លាម ក្រុម​តា​លី​បង់ បានប្រកាសថា នឹងមាន​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​សិទ្ធិសេរីភាព​របស់​ស្ត្រី។ ក៏ប៉ុន្តែ កន្លងមក ពួកគេ​មិនបាន​គោរព​តាម​ការសន្យា​ឡើយ។ តា​លី​បង់ បាន​អនុវត្ត​វិធានការ​តឹងរឹង ដូចជា បង្គាប់​ឱ្យ​ស្ត្រី​បិទបាំង​មុខ។ល។

Leave a Reply

Your email address will not be published. Required fields are marked *