យោងតាម AFP យ៉ាងហោចណាស់មានអ្នកទោស ៤៩ នាក់ បានស្លាប់ (សារព័ត៌មាន The Sun Daily ថា ៥១ នាក់ស្លាប់) និងរាប់សិបនាក់ទៀតរងរបួសនៅពេលព្យាយាមរត់គេចពីពន្ធនាគារនៅទីក្រុង Tulua ភាគនិរតីប្រទេសកូឡុំប៊ី។
កាលពីម្សិលមិញ មន្ត្រីកូឡុំប៊ី បានឱ្យដឹងថា អំពើហិង្សាបានកើតឡើងនៅវេលាទៀបភ្លឺ ក្នុងគ្រាដែលអ្នកទោសនាំគ្នាដុតពន្ធនាគារ ចំណែកក្រុមសន្តិសុខក៏រកវិធីទប់ស្កាត់។ អ្នកទោសប្រហែល ២០០ នាក់ កំពុងជាប់ឃុំនៅក្នុងទីតាំងដែលអគ្គិភ័យឆាបឆេះ។
«បច្ចុប្បន្ន មនុស្សចំនួន ៤៩ នាក់បានស្លាប់។ នេះជាតួលេខបឋម និងអាចមានការប្រែប្រួល» អ្នកនាំពាក្យមន្ទីរកែប្រែ និងពន្ធនាគារជាតិ របស់ កូឡុំប៊ី បញ្ជាក់ដូច្នេះ។
ក្រុមមន្ត្រីពាក់ព័ន្ធនិយាយថា ជនរងគ្រោះជាច្រើនបានស្លាប់ដោយសារត្រូវភ្លើងឆេះ ខណៈដែលសាកសពមួយចំនួនមានស្នាមនៃអំពើហិង្សា។ មនុស្សជាង ៥០ នាក់ ដែលត្រូវរងរបួសនៅក្នុងហេតុការណ៍ហែកគុក ត្រូវបានបញ្ជូនទៅព្យាបាល។
នេះគឺជាករណីអំពើហិង្សាក្នុងពន្ធនាគារដ៏អាក្រក់បំផុតនៅ កូឡុំប៊ី ក្នុងអំឡុងពេលថ្មីៗនេះ។ ប្រធានាធិបតី Ivan Duque បានបង្ហោះសារលើ Twitter អំពាវនាវឱ្យមានការជួយ និងចែករំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ ប៉ុន្តែមិនបានបង្ហើបឱ្យដឹងអំពីចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍នេះ។
អំពើហិង្សាក្នុងពន្ធនាគារបង្កដែលឱ្យមានមនុស្សស្លាប់ មិនមែនជារឿងកម្រនោះទេនៅ តំបន់អាម៉េរិកឡាទីន។ នៅ ប្រទេសអេក្វាទ័រ ដែលជាអ្នកជិតខាងរបស់ កូឡុំប៊ី ក៏ធ្លាប់មានករណីហែកគុកចំនួន ៦ លើក រាប់ចាប់ពីដើមឆ្នាំ ២០២១ បណ្ដាលឱ្យមនុស្សជិត ៤០០ នាក់ បាត់បង់ជីវិត៕