(សហរដ្ឋអាម៉េរិក)-បន្ទាប់ពីបានចោទបុគ្គលិកថា បានដាក់ទឹកខ្ទិះច្រើនពេកទៅលើនំប៉័ង បុរសជាជនសង្ស័យ បានដកកាំភ្លើងបាញ់សម្លាប់មនុស្សនៅក្នុងភោជនីយដ្ឋាន Subway នៅទីក្រុង Atlanta។
ជនសង្ស័យអាយុ ៣៦ ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅក្បែរភោជនីយដ្ឋាន Subway ក្នុងទីក្រុង Atlanta បន្ទាប់ពីបានបង្កហេតុខាងលើ នេះបើតាមស្នងការរងប៉ូលិស Charles Hampton Jr. ដែលបានប្រាប់កាលពីថ្ងៃទី ២៧ មិថុនា។ «នេះគឺជារឿងដ៏សោកសៅ ដែលមិនគួរកើតឡើងសោះ» លោក Hampton ថ្លែងដូច្នេះ។
ប៉ូលិសឱ្យដឹងថា ជនសង្ស័យបានជជែកតវ៉ាជាមួយស្ត្រី ២ រូបដែលជាបុគ្គលិករបស់ភោជនីយដ្ឋាន Subway កាលពីល្ងាចថ្ងៃទី ២៦ មិថុនា មុនពេលបាញ់ប្រហារ បណ្ដាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។
«ពិតជាឈឺចិត្តណាស់នៅពេលដឹងថា ស្ត្រីជាបុគ្គលិក វ័យ ២៦ ឆ្នាំ បានបាត់បង់ជីវិត» លោក Hampton រៀបរាប់។ «ខ្ញុំខឹងណាស់ នៅពេលបុគ្គលម្នាក់ដែលមានអាវុធ មានសិទ្ធិសម្រេចបាញ់សម្លាប់អ្នកដទៃដើម្បីដោះស្រាយទំនាស់ទាក់ទងនឹងនំប៉័ងមួយដុំ»។
បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់ប្រកាសអំពីអត្តសញ្ញាណរបស់ជនសង្ស័យនៅឡើយ ដោយសារតែកំពុងស៊ើបអង្កេត។
Willie Glenn ម្ចាស់ភោជនីយដ្ឋានខាងលើនិយាយថា ពិតជាឈឺចាប់ណាស់ នៅពេល «មានមនុស្សបាញ់ប្រហារអ្នកដទៃ ដោយគ្រាន់តែមានទឹកខ្ទិះម៉ាយូណេសច្រើនពេកនៅលើនំប៉័ង។
ការិយាល័យសហព័ន្ធស៊ើបអង្កេត របស់ អាម៉េរិក (FBI) កាលពីដើមខែឧសភា បានប្រកាសទិន្នន័យមួយបង្ហាញថា សហរដ្ឋអាម៉េរិក មានករណីផ្ទុះអាវុធចំនួន ៦១ លើក ក្នុងឆ្នាំ ២០២១ ខ្ពស់បំផុតក្នុងអំឡុងជាង ២០ ឆ្នាំមកនេះ បណ្ដាលឱ្យមនុស្ស ១០៣ នាក់បាត់បង់ជីវិត និង ១៤០ នាក់ រងរបួស។