Skip to content

កងទ័ព​អាម៉េរិក បញ្ជូន​សុនក​យន្ត ទៅ​ជួយ​ដោះ និង​បំផ្លាញ​មីន នៅ អ៊ុយ​ក្រែ​ន

កងទ័ព​សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​សុនក​រ៉ូ​បូត​ទំនើប ទៅកាន់ អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ដល់​អង្គការ​មនុស្សធម៌​មួយ នៅក្នុង​ដំណើរការ «រៀបចំ បោសសម្អាត» សមរភូមិ​នៅតាម​តំបន់​ជុំវិញ រដ្ឋធានី​កៀវ។

យោងតាម​បណ្ដាញសារព័ត៌មាន RT (រុស្ស៊ី) លោក Chris Whatley នាយក​ប្រតិបត្តិ​របស់ HALO Trust ដែលជា​អង្គការ​ដោះ និង​បំផ្លាញ​មីន មាន​មូលដ្ឋាន​នៅ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ពួកគេ​នឹង​ប្រើប្រាស់​សុនក​យន្ត Spot របស់​ក្រុមហ៊ុន Boston Dynamics ដើម្បី​ដោះមីន គ្រាប់កាំភ្លើង​ត្បាល់ និង​គ្រឿង​អាវុធ​មិនទាន់​ផ្ទុះ នៅក្នុង​តំបន់​ដែល​ធ្លាប់​ត្រូវបាន​គ្រប់គ្រង​ដោយ កម្លាំង​រុស្ស៊ី នៅ​ជុំវិញ រដ្ឋធានី​កៀវ។

លោក Whatley បាន​បង្ហើប​ឱ្យដឹងថា ក្នុងការ​សាកល្បង​កាលពី​ឆ្នាំ​កន្លង សុនក​យន្ត Spot បានបង្ហាញ​ប្រសិទ្ធិ​ខ្ពស់​ក្នុង​ភារកិច្ច​ដោះមីន​ខ្នាតតូច ដែល​ងាយ​ផ្ទុះ។

ក្នុង​សារ​អេឡិចត្រូនិក​មួយ​ដែល​បាន​ផ្ញើ​ទៅកាន់ Foreign Policy ប្រធាន​ផ្នែក​សារព័ត៌មាន និង​ទីផ្សារ​របស់​ក្រុមហ៊ុន Boston Dynamics បាន​ទទួលស្គាល់ថា « Spot គឺជា​ឧបករណ៍​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​មនុស្ស​ពី​ការគំរាមកំហែង និង​តែង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​វត្ថុ​ធាតុ​ដែល​អាច​បង្ក​គ្រោះថ្នាក់»។ ក៏ប៉ុន្តែ Boston Dynamics បានលើកឡើង​នូវ​លក្ខខណ្ឌ និង​យន្តការ​សម្រាប់​ទប់ស្កាត់ «ការធ្វើ​អា​វុ​ធូប​នីយកម្ម​ចំពោះ​រ៉ូ​បូត Spot ក្នុង​គោលដៅ​បង្ក​គ្រោះថ្នាក់ ឬ​ការគំរាមកំហែង»។

ភាគី​ខាង​រុស្ស៊ី ក៏​កំពុង​ធ្វើ​សកម្មភាព​ដោះមីន​នៅក្នុង​បណ្ដា​តំបន់​របស់ Donbass។ កាលពី​ខែមីនា ប្រធាន​អង្គភាព​ស្ថានការណ៍​បន្ទាន់​របស់​ក្រុម​ផ្ដាច់ខ្លួន​នៅ Donetsk បានឱ្យដឹងថា ត្រូវ​ចំណាយពេល​ប្រហែល ១០ ឆ្នាំ ដើម្បី​ដោះមីន​ដែល អ៊ុយ​ក្រែ​ន បាន​បន្សល់ទុក​នៅក្នុង​តំបន់​ដែល​ពួកគេ​កំពុង​កាន់កាប់៕

សុនកយន្ត Spot របស់​ក្រុម​ហ៊ុន Boston Dynamics

Leave a Reply

Your email address will not be published. Required fields are marked *